ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក បានធ្លាក់ចុះអស់ ២% នៅក្នុងខែកញ្ញា ដែលបានបញ្ចប់ការកើនឡើងអស់រយៈពេល ៦ខែជាប់ៗគ្នា ខណៈពេលដែលកំណត់ត្រាលក់ដ៏ខ្ពស់នៅទ្វីបអឺរ៉ុប មិនអាចទូទាត់សងចំពោះការធ្លាក់ចុះយ៉ាងខ្លាំង នៅអាមេរិកជើងខាងជើង និងចិនបាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងខែកញ្ញា ការលក់រថយន្ត EV បានធ្លាក់ចុះមកត្រឹម ២,១៥ លានគ្រឿង ខណៈពេលដែលទំហំនៃការលក់ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ បានកើនឡើង ៣% ឈានដល់ ១៥,៥ លានគ្រឿង។
គួរឲ្យដឹងថានៅអឺរ៉ុប រថយន្ត EV ត្រូវបានលក់ដាច់ខ្លាំងបំផុតមិនធ្លាប់មាន ដោយមានជំនួនជិត ៦០០ ០០០ គ្រឿងត្រូវបានលក់ចេញក្នុងខែកញ្ញា ពោលគឺបានកើនឡើង ១០% ខ្ពស់ជាងកំណត់ត្រាខ្ពស់បំផុតពីមុនដែលត្រូវបានកត់ត្រានៅក្នុងខែមិថុនា។
ដោយឡែក នៅអាមេរិកខាងជើង ការលក់បានធ្លាក់ចុះ ៤៤% ដែលជាការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតក្នុងឆ្នាំនេះ ដោយសារតែការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលអតិថិជនប្រញាប់ប្រញាល់ទិញរថយន្ត EV មុនពេលឥណទានពន្ធគយ EV របស់សហរដ្ឋអាមេរិកត្រូវផុតកំណត់។
ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិន ការលក់ក៏បានធ្លាក់ចុះ ១៨% ធ្លាក់មកត្រឹម ១,១១ លានគ្រឿង ផងដែរ ដែលជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តងាកមកពឹងផ្អែកលើការនាំចេញកាន់តែខ្លាំងឡើង៕

