យោងតាមសារព័ត៌មានអង់គ្លេស The Telegraph បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានស្នើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ កំណត់ដែនកំណត់ល្បឿន (speed limit) លើសេវាកម្ម Starlink នៅអ៊ុយក្រែន ទោះបីជាភាគីទាំងពីរបានអះអាងថាមិនបានពាក់ព័ន្ធក៏ដោយ។

សារព័ត៌មានដដែលនេះ បានកាលពីថ្ងៃទី១៦ ខែតុលា ដោយដកស្រង់ប្រភពព័ត៌មានចំនួន ៤ ដែលដឹងច្បាស់ពីស្ថានភាពនេះថា មហាសេដ្ឋី Elon Musk បានទាក់ទងទៅប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីស្នើឱ្យដាក់កម្រិតល្បឿនលើឧបករណ៍ទទួលសញ្ញា (transceivers) Starlink នៅអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពការពារដ្រូនរបស់ប្រទេសនេះ។
មិនតែប៉ុណ្ណោះ ប្រភពមួយបានលួចបង្ហើបថា លោក ត្រាំ បានយល់ស្រប ទៅនឹងសំណើរបស់លោក Musk នេះ ដែលជាការត្រួសត្រាយផ្លូវឱ្យមន្ទីរបញ្ចកោណ (Pentagon) ដាក់ចេញនូវការរឹតត្បិតលើប្រព័ន្ធ Starsshield ដែលជាប្រព័ន្ធទំនាក់ទំនងយោធាមានសុវត្ថិភាពខ្ពស់ផ្អែកលើវេទិកា Starlink។
ដោយឡែក លោក Musk បានច្រានចោលរាល់ការជាប់ពាក់ព័ន្ធក្នុងការរឹតត្បិតដែលបានដាក់លើប្រព័ន្ធ Starshield នៅអ៊ុយក្រែន។ លោកថែមទាំងបានសរសេរនៅលើបណ្តាញសង្គមថា រាល់ការកំណត់ដែនកំណត់លើល្បឿន ឬការប្រើប្រាស់សេវាកម្ម គឺសម្រេចដោយភាគីយោធា និងប្រធានាធិបតីអាមេរិកប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណា ប្រភពជាន់ខ្ពស់មួយបានប្រាប់ The Telegraph ថា លោក Musk បានលើកឡើងបែបនេះវិញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យទីក្រុងកៀវ (Kyiv) ធ្លាក់ក្នុងភាពចលាចល និងដាច់ចរន្តអគ្គិសនីពេលយប់ ដែលបង្កការព្រួយបារម្ភអំពីប្រតិកម្មអវិជ្ជមានពីអតិថិជនអឺរ៉ុប។
ជម្រាបជូនថា ចាប់ពីយប់ថ្ងៃទី១៣ ខែតុលា មក ស្ថានីយ Starlink និង Starshield មួយចំនួនបានឈប់ដំណើរការប្រសិនបើមានការបាញ់មីស៊ីលល្បឿនលើសពី ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យខាតបង់ដល់ប្រតិបត្តិការយោធា និងបង្ខំឱ្យអង្គភាពជាច្រើនត្រូវផ្អាកបេសកកម្មរបស់ខ្លួន៕

