សិង្ហបុរី ចេញលិខិតព្រមានក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន៧ ពាក់ព័ន្ធទៅនឹងការបំពុលខ្យល់អាកាស

អន្តរជាតិ

ប្រទេសសិង្ហបុរី បានកំណត់អត្តសញ្ញាណលើក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុឆេះព្រៃរ៉ាំរ៉ៃ ដែលបង្កើតបានជាខ្យល់ពុលឆ្លងដែន និងបានបញ្ជូនលិខិតស្នើសុំឱ្យមានការទប់ស្កាត់ និងកែតម្រូវជាបន្ទាន់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិវឌ្ឍចីរភាពរបស់សិង្ហបុរី លោកស្រី Grace Fu បានថ្លែងកាលពីថ្ងៃទី១៦ ខែតុលា ថា៖ “ការស៊ើបអង្កេតបឋមរបស់យើងបង្ហាញថា ផ្នែកខ្លះនៃខ្យល់ពុលក្នុងប្រទេសសិង្ហបុរី គឺបានមកពីការឆេះនៅលើដីដែលគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ៧ ក្នុងប្រទេសឥណ្ឌូណេស៊ី”។

លោកស្រី Fu បានប្រកាសថាសិង្ហបុរីនឹងផ្ញើលិខិតព្រមានជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមហ៊ុនទាំងនោះ ដែលមានមូលដ្ឋាននៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។ លិខិតព្រមាននេះតម្រូវឱ្យក្រុមហ៊ុនទាំងនោះអនុវត្តវិធានការការពារអគ្គិភ័យ បញ្ឈប់ការដុតព្រៃ ឬបង្កឱ្យមានភ្លើងឆេះថ្មីៗ និងដាក់ជូននូវផែនការអន្តរាគមន៍មកកាន់ប្រទេសសិង្ហបុរីវិញ។

លោកស្រី Fu ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមទេ សិង្ហបុរីនឹងពិចារណាអនុវត្តវិធានការនានា ដូចជាការផាកពិន័យ ឬទណ្ឌកម្មរដ្ឋបាលផ្សេងទៀតជាដើម។ ក្រុមហ៊ុនដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរីលើកឡើងភាគច្រើនគឺជាអ្នកផ្គត់ផ្គង់កាកសំណល់ឈើ និងក្រដាសនៅលើកោះស៊ូម៉ាត្រា ដែលរួមមានក្រុមហ៊ុន Bumi Andalas Permai, Bumi Mekar Hijau និង SBA Wood Industries៕​