ចំនួនប្រជាជននៅទីក្រុងប៉េកាំង រំពឹងថានឹងឈានដល់កម្រិតចាស់ជរាខ្លាំង នៅត្រឹមឆ្នាំ២០៣៥

អន្តរជាតិ

រដ្ឋធានីប៉េកាំងរបស់ប្រទេសចិិន ត្រូវបានរំពឹងថានឹងក្លាយជាទីក្រុង “ចាស់ជរាខ្លាំង” (Super-aged) នៅឆ្នាំ២០៣៥ ខាងមុខ ខណៈប្រជាជនប្រហែលមួយភាគបីនឹងអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ សារព័ត៌មានចិន Beijing Daily បានរាយការណ៍ទៀតថា ម្នាក់ក្នុងចំណោមប្រជាជនរស់នៅរដ្ឋធានីប៉េកាំងបីនាក់ នឹងមានអាយុចាប់ពី ៦០ឆ្នាំ ឬលើសពីនេះ នៅឆ្នាំ២០៣៥ ខាងមុខ។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា កាលពីចុងឆ្នាំមុន ទីក្រុងប៉េកាំងមានប្រជាជនអចិន្ត្រៃយ៍ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅចំនួន ៥,២៩ លាននាក់ ដែលស្ទើរតែស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុបរបស់ទីក្រុង។ របាយការណ៍បានបន្ថែមថា រដ្ឋាភិបាលទីក្រុងកំពុងបង្កើនការគាំទ្រដល់ពលរដ្ឋវ័យចាស់ រួមទាំងការដំឡើងប្រាក់សោធននិវត្តន៍មូលដ្ឋានផងដែរ។

ជម្រាបជូនថា ចំនួនប្រជាជនរបស់ប្រទេសចិនបានថយចុះចាប់តាំងពីឆ្នាំ២០២២ មក ហើយកំពុងមានវ័យចាស់ជរាយ៉ាងលឿន ដែលធ្វើឱ្យផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក និងការគ្រប់គ្រងបំណុលមានភាពស្មុគស្មាញ។ ប្រជាជនរាប់រយលាននាក់នឹងត្រូវដកចេញពីកម្លាំងពលកម្ម ក្នុងពេលដែលថវិកាប្រាក់សោធននិវត្តន៍មានភាពតឹងតែងស្រាប់រួចទៅហើយ៕​