មហាសេដ្ឋីកំពូលៗអាស៊ី ៣រូប ទទួលរងការខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត ត្រឹមពេលមួយថ្ងៃ

អន្តរជាតិ

មហាសេដ្ឋីកំពូលៗអាស៊ីចំនួន ៣ រូប មកពីប្រទេសជប៉ុន ចិន និងវៀតណាម ស្ថិតក្នុងចំណោមអ្នកដែលទទួលរងការខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោក គិតនៅត្រឹមថ្ងៃអង្គារ​ ទី២០ ខែតុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងចំណោមនោះ លោក Masayoshi Son ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី២ នៅប្រទេសជប៉ុន គឺជាអ្នកដែលបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ត្រឹមពេលតែមួយថ្ងៃ ដោយទ្រព្យសម្បត្តិរបស់លោកបានថយចុះអស់ចំនួន ៤,២ពាន់លានដុល្លារ។ យោងតាម Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Son បច្ចុប្បន្នមានចំនួនប្រមាណ ៥៦,២ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Robin Zeng មហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតថ្មរថយន្តធំជាងគេបំផុតលើពិភពលោក មកពីប្រទេសចិន បានទទួលរងការខាតបង់ទ្រព្យសម្បត្តិធំបំផុតទី៣ ជាមួយចំនួន ២,៤ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក មកនៅត្រឹម ៤៣,៣ពាន់លានដុល្លារ។

ចុងក្រោយ គឺលោក Pham Nhat Vuong មហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ មកពីប្រទេសវៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup បានខាតបង់ទ្រព្យសម្បត្តិចំនួន ១,៤ពាន់លានដុល្លារ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup បានធ្លាក់ចុះ។ ទ្រព្យសម្បត្តិសរុបរបស់លោក Vuong បច្ចុប្បន្នមានចំនួនប្រមាណ ៣២,៤ពាន់លានដុល្លារ៕​