កម្ពុជា-ហ្វីលីពីន បានប្តេជំជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ឱ្យកាន់តែស៊ីជម្រៅ ពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

នាជំនួបនោះ លោក នាយឧត្តមសេនីយ៍កងទ័ពហ្វីលីពីន បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ លោក រពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ខណៈលោកក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព និងលទ្ធផល ជាក់ស្ដែង។
តាមរយៈជំនួបខាងលើ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី៕ អត្ថបទ៖ហ្សាលីន


