ប្រេងឆៅសកល បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ៥ខែ ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

អន្តរជាតិ

តម្លៃប្រេងសកលបានបន្តហក់ឡើងបន្ថែមទៀត នៅថ្ងៃទី២០ ខែតុលា ដោយប្រេងឆៅប្រភេទ Brent នៅតែបន្តស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំខែចុងក្រោយ ខណៈពេលដែលពាណិជ្ជករ មានការព្រួយបារម្ភលើភូមិសាស្ត្រនយោបាយពីការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) លើហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត និងការវាយប្រហារលើនាវាចរណ៍នៅក្នុងឈូងសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅ Brent បានកើនឡើង ៥២សេន ឬស្មើនឹង ០,៤៧% ដល់ ១១០,០៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើងដល់ ១១០,៧០ដុល្លារក្នុងមួយបារ៉ែលក្នុងការជួញដូរនៅវគ្គមុន ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី២០ ខែឧសភាមក។

ទន្ទឹមនឹងនេះ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ០,៣៦% ដល់ ១០៤,០៣ដុល្លារក្នុងមួយបារ៉ែលផងដែរ។

ជុំវិញការកើនឡើងនេះ អ្នកវិភាគរបស់ធនាគារ ING បានលើកឡើងក្នុងសេចក្តីអធិប្បាយមួយថា៖ “តម្លៃប្រេងនៅតែបន្តទទួលរងសម្ពាធយ៉ាងខ្លាំង ដែលនេះបង្ហាញថាទីផ្សារកំពុងគិតបញ្ចូលហានិភ័យដ៏ធ្ងន់ធ្ងរ ដោយសារតែភាពងាយនឹងប្រែប្រួលនៃស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន”។

ក្រុមហ៊ូទីនៅយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការវាយប្រហារជាច្រើនដងទៅលើគោលដៅថាមពល អាកាសយានដ្ឋាន និងយោធារបស់អារ៉ាប៊ីសាអូឌីត ដូចជាទីតាំងក្រុមហ៊ុន Aramco នៅ Yanbu, វាលប្រេង Shaybah, អាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ និងអាកាសយានដ្ឋាន Abha ជាដើម៕