ស្ងាត់ៗ Nvidia បោះទុនវិនិយោគ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនគូប្រជែង Intel

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Nvidia ត្រូវបានរាយការណ៍ថា នឹងទិញយកភាគហ៊ុនរបស់ Intel ដែលជាក្រុមហ៊ុនគូប្រជែងក្នុងស្រុករបស់ខ្លួនប្រមាណជិត ៤% ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការផលិតកម្មរវាងក្រុមហ៊ុនទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Intel ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងបន្ទះឈីបកុំព្យូទ័រ។

យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ នឹងធ្វើឲ្យក្រុមហ៊ុន Nvidia ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតមួយរបស់ Intel ជាមួយការកាន់កាប់ភាគហ៊ុនសរុប ៤%។

ជម្រាបជូនផងដែរថា ជុំវិញការវិនិយោគថ្មីៗចុងក្រោយនេះ​ ត្រូវបានកើតឡើង ចំពេលតម្លៃភាគហ៊ុនរបស់ Intel បានធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ពួកគេ គិតចាប់ពីដើមឆ្នាំនេះ។ ប៉ុន្តែយ៉ាងណា​ ភាគហ៊ុនបានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីទទួលបានការគាំត្រពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

កាលពីខែមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទិញភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបនេះក្នុងតម្លៃជិត ៩ពាន់លានដុល្លារ។ ហើយជាមួយគ្នានេះ SoftBank ក៏បានវិនិយោគ ២ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Intel កាលពីក្នុងខែសីហា ផងដែរ៕