មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានចូលរួមចំណែកប្រមូលថវិកាជូនរដ្ឋ តាមរយៈកម្រៃសេវាសាធារណៈ បានសរុបចំនួនប្រមាណជាង ៥លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់មន្ទីរ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបិទក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងវត្តមានអង្គពិធី សរុបចំនួន ២២៥ រូប។
បើតាមរបាយការណ៍ក្នុងសន្និបាត សមិទ្ធផលការងារធំៗសំខាន់ៗ ដែលមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ សម្រេចបាន រួមមានដូចខាងក្រោម៖
១.បានចូលរួមចំណែកប្រមូលថវិកាជូនរដ្ឋតាមរយៈ កម្រៃសេវាសាធារណៈ សោហ៊ុយពីពន្ធប្រថាប់ត្រា និងកម្រៃសេវាសុរិយោដី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានសរុបចំនួន ចំនួន ២០ ៥៦៥ ០៩៤ ៨៨០រៀល គិតជាដុល្លាស្មើនឹង ៥ ១៤១ ២៧៤ ដុល្លារ។
២.ការងាររៀបចំដែនដី និងនគរូបនីយកម្ម បានបញ្ចប់ផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុងសិរីសោភ័ណ និងប្លង់គោលនិងផែនការប្រើប្រាស់ដីក្រុងប៉ោយប៉ែត ហើយក្នុងចំណោម ផែនការប្រើប្រាស់ដីទាំង ៦៧ឃុំ/សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សម្រេចបាន ១០ឃុំ កំពុងរៀបចំ និងសហការរៀបចំចំនួន ២០ឃុំ ហើយឃុំសង្កាត់ដែលនៅសេសសល់ មន្ទីរនឹងសហការជាមួយមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីរៀបចំបញ្ចប់។
៣.ការងារកែលម្អក្រុង៖ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមជួយកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសិរីសោភ័ណ ដោយផ្តើមជាដំបូងពីផ្លូវមេចំនួន ០៥ ខ្សែ ក្នុងក្រុង ដោយរៀបចំដាំដើមឈើអមសងខាងផ្លូវ ភ្លើងបំភ្លឺផ្លូវ ផ្លូវថ្មើជើង ផ្លូវជិះកង់ ចំណតបៃតង ផ្លូវទោចក្រយានយន្ត និងផ្លូវយានយន្ត តាមបទដ្ឋានស្តង់ដារ និងសិក្សាការងារកែលម្អដងស្ទឹងសិរីសោភ័ណ និងតំបន់ភ្នំក្នុងក្រុងសិរីសោភ័ណ។
៤.ការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ គ្រោងនឹងបញ្ចប់ការងារចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ នៅត្រឹមដំណាច់ឆ្នាំ២០២៦ នេះ។
សូមជម្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ គឺជាស្ថាប័នមួយដែលទទួលបន្ទុកលើការងារដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងខេត្ត។ ប្រធានមន្ទីរបច្ចុប្បន្នគឺ លោក មាស ដារ៉ា។ មន្ទីរសុរិយោដី មានតួនាទីសំខាន់ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញការអភិវឌ្ឍន៍ទីផ្សារដីធ្លី៕










