ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas មានបំណងចង់អភិវឌ្ឍគម្រោងបញ្ជូនថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២០ ខែតុលា លោក Aimy Zairin Mohamed តំណាងក្រុមហ៊ុន Petronas ប្រចាំនៅវៀតណាម បានថ្លែងថា ក្រុមហ៊ុនកំពុងផ្តោតលើគម្រោង VMS (វៀតណាម – ម៉ាឡេស៊ី – សិង្ហបុរី) ដោយមានគោលបំណងតភ្ជាប់ប្រភពថាមពលស្អាតរបស់វៀតណាម ទៅកាន់ទីផ្សារនានាក្នុងតំបន់។ គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាគំរូត្រួសត្រាយផ្លូវឆ្ពោះទៅរកគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Petronas ជឿជាក់ថា វៀតណាមមានសក្តានុពលថាមពលខ្យល់ដ៏ធំធេង ដោយធនធានខ្យល់តែមួយមុខអាចមានកម្លាំងលើសពី ៤០០ ជីហ្គាវ៉ាត់ (GW)។ លោក Aimy បានវាយតម្លៃទៀតថា នេះគឺជាធនធានថាមពលខ្យល់ដ៏សំខាន់បំផុតមួយនៅលើពិភពលោក។
យោងតាមផែនការដែលកំពុងស្ថិតក្រោមការសិក្សានៅពេលនេះ ថាមពលខ្យល់នៅតាមឆ្នេរសមុទ្ររបស់វៀតណាម នឹងត្រូវបញ្ជូនតាមរយៈប្រព័ន្ធខ្សែកាបក្រោមទឹកទៅកាន់ប្រទេសម៉ាឡេស៊ី ដោយតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសនោះសម្រាប់ការប្រើប្រាស់ ហើយបន្ទាប់មកនឹងបន្តបញ្ជូនទៅកាន់ប្រទេសសិង្ហបុរីទៀត។
ក្រៅពីថាមពលខ្យល់ Petronas ក៏បានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយសាជីវកម្មឧស្សាហកម្មថាមពលជាតិវៀតណាម (PetroVietnam) ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងជំរុញដោយការអភិវឌ្ឍសេដ្ឋកិច្ច។ ការផ្ដោតសំខាន់គឺការរួមបញ្ចូលគ្នារវាងការរុករកប្រេង និងឧស្ម័នក្នុងស្រុក ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) និងការអភិវឌ្ឍថាមពលកកើតឡើងវិញ។
ជម្រាបជូនថា Petronas បានវត្តមាននៅវៀតណាមអស់រយៈពេល ៣៥ ឆ្នាំមកហើយ បច្ចុប្បន្ន ក្រុមការងារនេះមានវត្តមានក្នុងវិស័យជាច្រើននៃច្រវាក់តម្លៃថាមពល និងមានវត្តមាននៅក្នុងប្រទេសជាង ១០០ រួមទាំងកម្ពុជាផងដែរ៕

