សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងបង្កើតការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងគោលបំណងពង្រឹងយន្តការការពារអតិថិជន និងដោះស្រាយបណ្តឹងតវ៉ាសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល ជាពិសេសដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភជាសាធារណៈអំពីបំណុលគ្រួសារ និងកិច្ចការពារអ្នកខ្ចីប្រាក់នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដោយបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន។ វិធានការទាំងនោះរួមមានការអនុវត្តក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ការបង្កើតគោលការណ៍ណែនាំស្តីពីការផ្តល់ឥណទាន ការកំណត់ស្តង់ដារកិច្ចសន្យាឥណទានឱ្យមានតម្លាភាព និងការហាមឃាត់មិនឱ្យដកហូតយកឯកសារសញ្ញាណកម្មផ្លូវការដូចជាអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារធ្វើជាទ្រព្យបញ្ចាំឡើយ។ បន្ថែមលើនេះ វិស័យទាំងមូលបានជំរុញការបណ្តុះបណ្តាលយ៉ាងសកម្ម ដោយមានមន្ត្រីឥណទានប្រមាណ ៤៨,០០០ នាក់ទទួលបានការយល់ដឹងពីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ព្រមទាំងមានការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងប្រធានសាខារាប់ពាន់នាក់បន្ថែមទៀតអំពីអភិបាលកិច្ច និងកិច្ចការពារអតិថិជន។
ទន្ទឹមនឹងនេះ សមាគមទាំងពីរបានបង្កើតមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលជាស្ថាប័នឯករាជ្យមួយដើរតួនាទីក្នុងការផ្តល់ការប្រឹក្សាយោបល់ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងសម្របសម្រួលដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន។ ស្ថាប័ននេះដំណើរការទៅបានក្រោមក្របខណ្ឌមូលនិធិវិស័យ ដោយមានការចូលរួមគាំទ្រ និងវាយតម្លៃរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៣០ គ្រឹះស្ថាន។ សម្រាប់ទិសដៅទៅអនាគត សមាគមទាំងពីរនឹងបន្តជួយរៀបចំឥណទានឡើងវិញជូនដល់អតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុពិតប្រាកដ ដើម្បីជួយសម្រាលបន្ទុក និងការពារពួកគេពីហានិភ័យនៃការធ្លាក់ចូលក្នុងបំណុលលើសលុប។
ក្នុងករណីដែលអតិថិជនជួបប្រទះបញ្ហា ឬការលំបាកផ្នែកហិរញ្ញវត្ថុ សមាគមបានលើកទឹកចិត្តឱ្យពួកគេទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់សេវាផ្ទាល់ ឬរាយការណ៍ទៅកាន់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈលេខទូរស័ព្ទ ០១៥ ៣៦៥ ២២២។ ក្រៅពីនេះ អតិថិជនក៏អាចស្វែងរកដំណោះស្រាយតាមរយៈធនាគារជាតិនៃកម្ពុជា គណៈកម្មាការជាតិការពារអ្នកប្រើប្រាស់ ឬអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ៕






