Elon Musk ទំនងជាបានបញ្ជាឲ្យមានការដាក់កម្រិតលើប្រព័ន្ធ Starshield នៅក្នុងប្រទេសអ៊ុយក្រែន

អន្តរជាតិ

យោងតាមសេចក្តីរាយការណ៍មួយបានបង្ហាញថា មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ទំនងជាបានបញ្ជាឲ្យមានការដាក់កម្រិតលើបណ្តាញផ្កាយរណប Starlink ដែលជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែត The Wall Street Journal បានរាយការណ៍នៅថ្ងៃទី២០ ខែតុលា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ និងបុគ្គលដែលដឹងពីបញ្ហានេះថា កាលពីសប្តាហ៍មុន លោក Musk បានបញ្ជាឱ្យកំណត់ល្បឿននៅលើស្ថានីយ Starshield ក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យយន្តហោះគ្មានមនុស្សបើក (UAVs) មួយចំនួនរបស់ទីក្រុងគៀវមិនអាចដំណើរការបាន។ Starshield គឺជាប្រព័ន្ធទំនាក់ទំនងយោធាដែលមានសុវត្ថិភាពខ្ពស់ ដែលដំណើរការលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធអ៊ីនធើណិតតាមផ្កាយរណប Starlink។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក Musk និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទអំពីការសម្រេចចិត្តពាក់ព័ន្ធនឹងប្រព័ន្ធ Starlink នេះ បន្ទាប់ពីអ៊ុយក្រែនបានប្រកាសថា Starlink កំពុងដាក់កម្រិតកំណត់សេវាកម្មរបស់ពួកគេនៅក្នុងប្រទេសរបស់ខ្លួន។

ប៉ុន្តែទោះជាយ៉ាងណា ទាំងលោក Musk ក្រុមហ៊ុន SpaceX និងសេតវិមាន មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយជុំវិញព័ត៌មាននេះនៅឡើយទេ។

គួរជម្រាបជូនថា ប្រទេសអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធ Starlink សម្រាប់ការទំនាក់ទំនងនៅលើសមរភូមិ និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (UAV)។ មន្ត្រីអ៊ុយក្រែនបានលើកឡើងថា ស្ថានីយ Starlink និង Starshield មួយចំនួនបានឈប់ដំណើរការ ប្រសិនបើដ្រូនរបស់ពួកគេធ្វើដំណើរក្នុងល្បឿនលើសពី ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនោះ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធា និងបង្ខំឱ្យអង្គភាពជាច្រើនត្រូវផ្អាកបេសកកម្មរបស់ខ្លួន។ ការផ្លាស់ប្តូរនេះកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អ៊ុយក្រែន និងបានអំពាវនាវឱ្យទីក្រុងគៀវបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕​