ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអះអាងថា លោកមានថវិកាគ្រប់គ្រាន់ដើម្បីផ្ដល់លុយចំនួន ៥ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយគ្រោងនឹងចំណាយថវិកាសរុបចំនួន ១ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Oklahoma កាលពីថ្ងៃទី១ ខែតុលា ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងថា ផែនការចែកប្រាក់ ៥ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋពេញវ័យនៅទូទាំងប្រទេស គឺអាចធ្វើទៅបានទាំងស្រុង។
លោកបានបន្តទៀតថា ផែនការនេះនឹងចំណាយអស់លុយសរុបប្រហែល ១ទ្រីលានដុល្លារ ហើយអាចគ្រប់គ្រងការចំណាយបានដោយសារតែប្រាក់វិនិយោគចំនួន ២១លានដុល្លារដែលលោកបាននាំយកមកសហរដ្ឋអាមេរិកនៅក្នុងឆមាសទីមួយនៃអាណត្តិរបស់លោក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំអាមេរិករូបនេះ មិនទាន់បានពន្យល់អំពីទិន្នន័យនៅពីក្រោយតួលេខ ២១ទ្រីលានដុល្លារ ដែលលោកលើកឡើងនៅឡើយនោះទេ។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថាមានតែគណបក្សសាធារណរដ្ឋរបស់លោកទេដែលអាចធ្វើបែបនេះបាន។ គណបក្សប្រជាធិបតេយ្យមិនអាចធ្វើអ្វីបានឡើយ។ អាមេរិកកំពុងប្រមូលប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីពន្ធគយ និងមានសេដ្ឋកិច្ចជោគជ័យបំបែកកំណត់ត្រា នៅក្រោមការដឹកនាំរបស់លោក៕

