ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតនោះទេ ដោយលោកបានកោតសរសើរចំពោះការសម្រេចចិត្តរបស់បណ្តាប្រទេសនៅអឺរ៉ុបក្នុងការបញ្ចេញប្រេងពីទុនបម្រុងរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយក្នុងបទសម្ភាសមួយនៅសេតវិមានថា ៖” ជម្រើសនោះមិនដែលត្រូវបានលើកយកពិចារណាម៉ត់ចត់បែបនេះនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់អឺរ៉ុបគឺពិតជាអស្ចារ្យណាស់”។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសក្នុងក្រុម G7 បានព្រមព្រៀងគ្នាក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០ លានបារ៉ែលចេញពីប្រេងបម្រុងរបស់ពួកគេក្នុងរយៈពេល ៤ខែខាងមុខ ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលសកល។
គួរជម្រាបជូនថា យោងតាមកាសែត The Washington Post សហរដ្ឋអាមេរិកគឺជាប្រទេសនាំចេញប្រេងម៉ាស៊ូតធំបំផុតនៅលើពិភពលោក ដោយបានដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ជាមធ្យម ១,៤ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ដៃគូពាណិជ្ជកម្ម ជាពិសេសនៅអឺរ៉ុប និងអាមេរិកឡាទីន៕

