ក្រុមហ៊ុន Nike គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកក្នុងចំនួនមួយដែលមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ និងបង្កើតការិយាល័យ (Campus) ថ្មីមួយនៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលក្រុមហ៊ុនកំពុងស្វែងរកការជំរុញការស្តារឡើងវិញនូវអាជីវកម្ម បន្ទាប់ពីការធ្វើសេចក្តីរាយការណ៍អំពីប្រាក់ចំណេញប្រចាំត្រីមាសមានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុនផលិតសម្ភារកីឡាខ្នាតយក្សមួយនេះ បានលាតត្រដាងពីផែនការនេះ ខណៈពេលដែលខ្លួនបានរាយការណ៍ពីការធ្លាក់ចុះបន្តិចបន្តួចនៃប្រាក់ចំណេញប្រចាំត្រីមាស ដោយសារតែការលក់មានការថយចុះ។
យោងតាមសេចក្តីថ្លែងការណ៍ស្តីពីប្រាក់ចំណូល បានឱ្យដឹងថា ក្រុមហ៊ុនបានព្យាករថាការលក់នៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន នឹងធ្លាក់ចុះក្នុងកម្រិតដ៏ខ្ពស់មួយ។
គួរឲ្យដឹងថា Nike បានរាយការណ៍ពីការធ្លាក់ចុះ ២% នៃប្រាក់ចំណេញប្រចាំត្រីមាស មកត្រឹម ៧១២លានដុល្លារអាមេរិក។ ចំណែកឯប្រាក់ចំណូលបានធ្លាក់ចុះ ៤% មកត្រឹម ១១,២ពាន់លានដុល្លារ សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ដែលជាត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២៧ របស់ Nike។ អាមេរិកខាងជើង ជាតំបន់តែមួយគត់ដែលប្រាក់ចំណូលរបស់ Nive មានការកើនឡើង ២% ខណៈតំបន់ផ្សេងៗទៀតបានធ្លាក់ចុះទាំងអស់។
ជម្រាបជូនថា ក្រុមហ៊ុនផលិតសម្ភារកីឡាយក្សនេះ បានរងគ្រោះដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ Greater China (ចិនដីគោក តៃវ៉ាន់ និងហុងកុង) ដែលជាតំបន់កំពុងជួបវិបត្តិសេដ្ឋកិច្ច។ នៅក្នុងតំបន់នោះប្រាក់ចំណូលបានធ្លាក់ចុះ ២២% មកត្រឹម ១,២ពាន់លានដុល្លារ៕

