លោក Chai Eamsiri នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានប្រាប់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា រូបលោកត្រូវបានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបញ្ឈប់ពីតំណែង បន្ទាប់ពីមានភាពរញ៉េរញ៉ៃនៃការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅព្រលានយន្តហោះ ដោយសារតែគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលបានវាយប្រហារលើទីក្រុងបាងកកកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Chai បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សថៃនេះថា ពួកគេបានសម្រេចដករូបលោកចេញពីតំណែង ដោយមិនបានផ្តល់ហេតុផលច្បាស់លាស់ណាមួយនោះទេ។ ពួកគេគ្រាន់តែមើលឃើញពីភាពចន្លោះប្រហោង ឬកំហុសឆ្គងក្នុងការងារដែលបានអនុវត្តប៉ុណ្ណោះ។
យ៉ាងណាមិញ បើតាមក្រុមហ៊ុន Thai Airways បានឱ្យដឹងនៅក្នុងឯកសារដាក់ជូនទីផ្សារភាគហ៊ុនកាលពីថ្ងៃសុក្រថា លោក Chai ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតស្វែងរកការពិត និងការពិនិត្យឡើងវិញលើនីតិវិធីគ្រប់គ្រងវិបត្តិរបស់ខ្លួន ខណៈក្រុមហ៊ុនបានសម្រេចតែងតាំងលោក Sumrid Sumneing ជានាយកប្រតិបត្តិស្តីទី។
ជុំវិញបញ្ហានេះ បានកើតឡើង នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានបង្ខំឱ្យលុបចោលជើងហោះហើររាប់សិបជើងនៅសប្តាហ៍នេះ និងផ្អាកប្រតិបត្តិការដឹកជញ្ជូនទំនិញ ដោយផ្នែកខ្លះបណ្តាលមកពីបញ្ហាបុគ្គលិកមិនអាចធ្វើដំណើរទៅធ្វើការបាននៅពេលដែលគ្រោះទឹកជំនន់បានវាយប្រហារកាលពីសប្តាហ៍មុន។
មិនតែប៉ុណ្ណោះ គ្រោះទឹកជំនន់នេះ ក៏ផ្តល់ការរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ រួមមានការពន្យារពេលហោះហើរ ដោយសារតែការកកស្ទះវ៉ាលិសយ៉ាងច្រើន ដែលនាំឲ្យមានការរិះគន់ធ្ងន់ៗ ពីសំណាក់ភ្ញៀវបរទេស៕

