កាលពីថ្ងៃទី២០ ខែតុលា អាជ្ញាធរចិនបានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់កម្ចីគោលរយៈពេលមួយឆ្នាំ (LPR) ឱ្យនៅកម្រិតដដែលក្នុងអត្រា ៣%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

អត្រាការប្រាក់ LPR គឺជាអត្រាការប្រាក់សម្រាប់កម្ចីដែលមានរយៈពេលកំណត់ចាប់ពី ៥ឆ្នាំឡើងទៅ (ដែលជាអត្រាត្រូវបានធនាគារពាណិជ្ជកម្មនានាប្រើប្រាស់ជាទូទៅជាអត្រាគោលសម្រាប់កម្ចីទិញផ្ទះ) គឺនៅតែបន្តរក្សាទុកក្នុងអត្រា ៣,៥% ដដែល។
អត្រាការប្រាក់គោលទាំងនេះត្រូវបានផ្សព្វផ្សាយជាប្រចាំខែ ដោយឆ្លុះបញ្ចាំងពីថ្លៃដើមនៃការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងគ្រួសារ។ អត្រាការប្រាក់ទាបនឹងជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើអ្នកខ្ចី ព្រមទាំងជំរុញការវិនិយោគ និងការប្រើប្រាស់ផងដែរ។
គួរឲ្យដឹងថាអត្រាការប្រាក់នេះ នៅតែមិនមានការផ្លាស់ប្តូរ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ។ ហើយជុំវិញការសម្រេចចិត្តចុងក្រោយនេះ ក៏ស្របទៅនឹងការស្ទង់មតិកន្លងមករបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លើក្រុមអ្នកវិភាគផងដែរ។
អត្រាការប្រាក់កម្ចីគោលត្រូវបានរក្សាទុកដដែល បន្ទាប់ពីសេដ្ឋកិច្ចចិនទទួលបានកំណើនឡើងវិញក្នុងត្រីមាសទី៣ ដោយផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជម្រាបជូនថា ចំណាត់ការរបស់ប្រទេសចិនធ្វើឡើងចំពេលដែលមានការរឹតបន្តឹងផ្នែករូបិយវត្ថុថ្មីៗនេះដោយបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើន ដើម្បីទប់ស្កាត់អតិផរណា។ កាលពីខែមុន ធនាគារកណ្តាលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសុទ្ធតែបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន៕

