ទីបំផុត បារាំង ប្រកាសសមាសភាពជួររដ្ឋាភិបាលថ្មី ចំពេលប្រទេសធ្លាក់ចូលក្នុងវិបត្តិ

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការបង្កើតជួររដ្ឋាភិបាលថ្មី បន្ទាប់ពីមានការចរចារអស់រយៈពេលជាយូរ ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយ ក្នុងគោលបំណងរារាំងមិនឲ្យប្រទេសខ្លួនធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយកាន់តែជ្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបញ្ជីគណៈរដ្ឋមន្ត្រីដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីបារាំង នៅថ្ងៃទី១២ ខែតុលា បានបង្ហាញថា លោក Jean-Noel Barrot នឹងនៅតែជារដ្ឋមន្ត្រីការបរទេសដដែល ខណៈពេលដែលរដ្ឋមន្ត្រីការងារលោកស្រី Catherine Vautrin នឹងប្តូរទៅកាន់តួនាទីដឹកនាំក្រសួងការពារជាតិ វិញ។

ជាមួយគ្នានេះ លោក Roland Lescure ដែលជាអ្នកស្មោះត្រង់ចំពោះលោក Macron នឹងក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអាទិភាពកំពូលគឺការអនុម័តថវិកាជាតិ នៅឆ្នាំក្រោយ។

ដោយឡែក មេប៉ូលិសក្រុងប៉ារីស លោក Laurent Nunez នឹងត្រូវចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសលផល Bruno Retailleau ដែលមកពីគណបក្សសាធារណរដ្ឋស្តាំនិយម បន្ទាប់ពីគណបក្សនេះបានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងរដ្ឋាភិបាលថ្មីឡើយ។ លោក Monique Barbut អតីតនាយកមូលនិធិសត្វព្រៃពិភពលោក (WWF) នៅប្រទេសបារាំង នឹងក្លាយជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ទន្ទឹមនឹងនេះ​ លោក Gerald Darmanin នឹងនៅតែជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Rachida Dati ដែលនឹងត្រូវកាត់ទោសនៅឆ្នាំក្រោយ ពីបទពុករលួយ នឹងនៅតែស្ថិតក្នុងតំណែងរបស់លោកស្រីដដែល ផងដែរ។

គួរឲ្យដឹងថា ជួររដ្ឋាភិបាលថ្មីរបស់បារាំង នឹងត្រូវបង្ហាញសេចក្តីព្រាងថវិកាឆ្នាំ២០២៦ របស់ខ្លួន នៅត្រឹមថ្ងៃទី១៤ ខែតុលា ដែលជាថ្ងៃផុតកំណត់ ដើម្បីធានាដល់ការត្រួតនិនិត្យផែនការមុនដំណាច់ឆ្នាំ។

ជម្រាបជូនផងដែរថា ជុំវិញការតែងតាំងរដ្ឋាភិបាលថ្មី បានកើនឡើង បន្ទាប់ពីលោក Macron បានសម្រេចជ្រើសតាំងលោក Lecornu ឲ្យក្លាយជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត បន្ទាប់ពីការលាលែងពីតំណែងបានត្រឹមតែប៉ុន្មានថ្ងៃ​៕​