វៀតណាមឃាត់ជនសង្ស័យ ៧ នាក់ពាក់ព័ន្ធ «ឆបោកអនឡាញទ្រង់ទ្រាយធំ» ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ

អន្តរជាតិ

អាជ្ញាធរប៉ូលីសវៀតណាមបានប្រកាសកាលពីថ្ងៃទី ២៦ ខែមីនា នូវភាពជោគជ័យលើការបង្ក្រាបករណីឆបោកតាមប្រព័ន្ធឌីជីថល «ក្នុងទ្រង់ទ្រាយធំខុសប្រក្រតី» ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងមានជនរងគ្រោះរាប់លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន CNA អាជ្ញាធរវៀតណាមបានបង្ក្រាបករណីឆបោកគ្រីបតូ (Cryptocurrency) ទ្រង់ទ្រាយធំ តាមរយៈផ្លែតហ្វមឈ្មោះ ONUS ដែលបានអូសទាញអ្នកវិនិយោគរាប់លាននាក់ចាប់តាំងពីឆ្នាំ ២០១៨។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចវៀតណាមបានសម្រេចឃាត់ខ្លួនបុគ្គលល្បីឈ្មោះម្នាក់ក្នុងវិស័យ Fintech គឺលោក Vuong Le Vinh Nhan (ឬគេស្គាល់ថា Eric Vuong) និងបក្សពួក ៦ នាក់ទៀត ពីបទបង្កើតកាក់ឌីជីថលក្លែងក្លាយ និងលាងលុយកខ្វក់ ដោយប្រើប្រាស់វិធីសាស្ត្របង្កើនតម្រូវការក្លែងក្លាយ ដើម្បីកែសម្រួលតម្លៃតាមអំពើចិត្ត។

ជនរងគ្រោះមិនបញ្ចេញឈ្មោះម្នាក់បានរៀបរាប់ទាំងក្តីរំជួលចិត្តថា រូបលោកមានអារម្មណ៍ តក់ស្លុត និងខ្ទេចខ្ទាំចិត្តជាទីបំផុត បន្ទាប់ពីបានបាត់បង់ប្រាក់សន្សំអស់ជាង ១៥,០០០ ដុល្លារអាម៉េរិក នៅក្នុងករណីឆបោកដ៏ធំសម្បើមមួយនេះ។

ទោះបីជាវៀតណាមជាប្រទេសឈានមុខគេមួយក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល ដោយមានអ្នកកាន់កាប់ប្រមាណ ១៧ លាននាក់ក៏ដោយ ប៉ុន្តែការខ្វះខាតច្បាប់គ្រប់គ្រងច្បាស់លាស់ ឬ «តំបន់ប្រផេះ» (Legal Grey Area) បានក្លាយជាឱកាសឱ្យមានការឆបោកកើតឡើងយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន ផ្លែតហ្វម ONUS ត្រូវបានផ្អាកដំណើរការទាំងស្រុង ខណៈដែលអាជ្ញាធរវៀតណាមកំពុងអំពាវនាវឱ្យជនរងគ្រោះដទៃទៀតដែលបានបាត់បង់ប្រាក់កាស ចូលខ្លួនមកផ្តល់ព័ត៌មានបន្ថែម ដើម្បីបន្តនីតិវិធីច្បាប់លើក្រុមជនសង្ស័យទាំងនោះ៕