ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារ ដល់អង្គការ ILO ជួយផ្តល់ការងារដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។

ក្រសួងការងារបានបញ្ជាក់ថា គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។

លោក អ៊ូអិណុ បានលើកឡើងថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។

ទន្ទឹមនឹងនេះ លោក ហេង សួរ ក៏បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស៕