កម្ពុជា​​គ្រោង​​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យនៅកំពង់ផែ បង្កើន​ប្រសិទ្ធភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា​គ្រោង​ដាក់​ឲ្យ​ដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអន្តរក្រសួងសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ បានកំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ ចូល-ចេញឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែប្រសើរឡើង។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បាន​ឲ្យ​ដឹង​ថា ការងារអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ជិតសម្រេចបាន១០០ភាគរយ នៅសេសសល់តែការងារបច្ចេកទេសមួយចំនួនតូចប៉ុណ្ណោះ។

លោក​រដ្ឋលេខាធិការ​ បានលើកឡើង​​ពីការត្រៀមលក្ខណៈផ្នែកបច្ចេកទេស ដើម្បីដាក់ដំណើរប្រព័ន្ធនេះនៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ ២០២២ តាមការគ្រោងទុក។

មន្រ្តី​រូប​នេះ​ក៏​បានថ្លែងការកោតសរសើរដល់ភាគីជប៉ុន តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងបណ្តាអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគម្រោងចាប់តាំងពីពេលដែលគម្រោងត្រូវបានចាប់ផ្តើមសិក្សា រហូតប្រព័ន្ធត្រូវបានរៀបចំរួច រាល់ស្ទើរតែទាំងស្រុង។

លោក រស់ វណ្ណា ក៏​បានក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធត្រៀមលក្ខណៈឱ្យបានសព្វជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធអាចដំណើរការបានដោយរលូន ដើម្បីផ្តល់ជាប្រយោជន៍ដល់ភាគីនាវាកំពង់ផែ គយ និងសុខាភិបាល និងជាពិសេស ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែម ទៀតតាមរយៈការធ្វើ​ទំនើបកម្មនីតិវិធីក្នុងការផ្តល់សេវាសាធារណៈ៕