ប្រាក់ចំណេញរបស់ក្រុមហ៊ុនខ្នាតយក្ស Tesla ធ្លាក់ដាំក្បាលចុះអស់ជិតពាក់កណ្តាល

អន្តរជាតិ

ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ ខណៈពេលដែលប្រាក់ចំណូលនៅតែមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំមុនដដែល បើទោះបីជាបានលើសពីការព្យាករទុករបស់ក្រុមអ្នកវិភាគក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២១ ខែតុលា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី៣ របស់ខ្លួន ដោយពួកគេទទួលបានប្រាក់ចំណូល ២៨ពាន់លានដុល្លារ ពោលគឺលើសពីការព្យាករទុករបស់អ្នកវិភាគនៅក្នុងការស្ទង់មតិដោយក្រុមហ៊ុនទិន្នន័យ LSEG។

ទន្ទឹមនឹងនេះ​ ប្រាក់ចំណេញសុទ្ធរបស់ពួកគេបានឈានដល់ ៧៨៧លានដុល្លារ ពោលគឺបានធ្លាក់ចុះអស់ ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែខ្ពស់ជាងការព្យាករទុកផងដែរ។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះដោយសារតែការកើនឡើងខ្ពស់នៃការចំណាយលើមនុស្សយន្តរាងដូចមនុស្ស (humanoid robots) និងគំនិតផ្ដួចផ្ដើមបញ្ញាសិប្បនិម្មិត (AI) ផ្សេងទៀត។ ការវិនិយោគដើមទុនបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ ៣,៧៣ពាន់លានដុល្លារ។

គួរជម្រាបជូនថា ប្រាក់ចំណូលក្នុងត្រីមាសទី៣ របស់ក្រុមហ៊ុន Tesla គឺស្ទើរតែនៅដដែលបើធៀបនឹងឆ្នាំមុន។ ចំពោះអាជីវកម្មស្នូលផ្នែករថយន្ត ប្រាក់ចំណូលបានថយចុះ ៣% មកនៅត្រឹម ២០,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុន Tesla បានកត់សម្គាស់ថា ការធ្លាក់ចុះនេះគឺបណ្តាលមកពីការចែកចាយរថយន្តមានកម្រិតទាបសម្រាប់ត្រីមាសនេះ ខណៈការខ្វះខាតផ្នែកផ្គត់ផ្គង់ថ្មរក៏បានរារាំងពួកគេមិនឱ្យផលិតរថយន្តបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការការចែកចាយដែលបានកើនឡើងផងដែរ៕​