ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាជាមួយ ក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិគ្រោះយោបល់ពាក់ព័ន្ធការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងទាក់ទាញបន្ថែមនូវការវិនិយោគវិស័យរ៉ែនៅកម្ពុជា សំដៅអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោកស្រី កុយ សុដានី រដ្ឋមន្ត្រីស្តីទីនៃក្រសួង បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jose Carlos Edo Monfort អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពលរបស់ ADB ស្ដីពីការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យរ៉ែ និងបច្ចេកវិទ្យាថាមពលស្អាតនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។
ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលើលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់ការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការសិក្សាបន្ថែមអំពីផែនការអភិវឌ្ឍន៍របស់បណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាធាតុចូលសម្រាប់ការរៀបចំគម្រោងនេះឡើង ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងទាក់ទាញបន្ថែមនូវការវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំផែនទី ព័ត៌មាន និងទិន្នន័យនៃវិសាលភាពធនធានរ៉ែ និងការវិនិយោគលើវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកស្រីរដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក និងការផ្សារភ្ជាប់ក្រសួងទៅនឹងការសិក្សារៀបចំគម្រោងនេះ។ ទន្ទឹមនេះ លោកស្រីបានស្នើឱ្យភាគី ADB ពិនិត្យបញ្ចូលបន្ថែមនូវតម្រូវការគាំទ្រណាដែលទាមទារឱ្យមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យក្រសួងមានលទ្ធភាពធានានូវសង្គតិភាពរវាងផែនការអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងគម្រោង ជាពិសេសការអភិវឌ្ឍន៍ច្រករបៀង និងភស្តុភារកម្ម។
ជាថ្មីម្តងទៀត លោកស្រីរដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបជូនដោយសង្ខេបទៅកាន់ភាគី ADB អំពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ និងគម្រោងអាទិភាពមួយចំនួនទៀតរបស់ក្រសួង រួមមានដូចជា៖១.គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ២.គម្រោងជីកស្តារនិងកែលម្អផ្លូវទឹកទន្លេសាបពីភ្នំពេញ ទៅកំពង់ឆ្នាំង ៣.គម្រោងរៀបចំផែនការជាតិស្តីពីការកំណត់តំបន់អភិវឌ្ឍន៍កំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង៤.គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា។
មុននឹងបញ្ចប់ ក្រសួងសាធារណការ ក៏បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន សម្រាប់ការជំរុញដល់ការសិក្សារៀបចំ និងអនុវត្តគម្រោងខាងលើនេះ៕
អត្ថបទ៖ហ្សាលីន





