លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញចូលរួម «ដំណើរទស្សនកិច្ចសិក្សារបស់សាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងទេសចរណ៍» នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដោយដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័នគល់ទទឹង។

ការរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ឱកាសដល់សមាជិកា បានសិក្សាស្វែងយល់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនា ស្តាប់ធម្មឱវាទ និងយកព្រះពុទ្ធឱវាទមកអនុវត្តក្នុងការរស់នៅនិងការបំពេញភារកិច្ចប្រចាំថ្ងៃ បានរួបរួមគ្នាមកធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងនៅក្នុងអង្គភាព និងស្ថាប័ន។

ទន្ទឹមនេះ លោក ហួត ហាក់ ក៏បានបញ្ជាក់ថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិ។ ជាក់ស្តែង ទេសចរណ៍សាសនា បានផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់អំពីព្រះពុទ្ធសាសនា ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។

លោកក៏បានបញ្ជាក់ថែមថា ការអភិវឌ្ឍទេសចរណ៍សាសនា ត្រូវគោរពក្រឹត្យក្រមវិន័យនៃព្រះពុទ្ធសាសនា, ភាពស័ក្តិសិទ្ធិជាទីគោរពសក្ការៈ, សេចក្តីថ្លៃថ្នូរ, ព្រមទាំងធានា ភាពស្អាត បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ងប់ស្ងាត់។ ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សាសនារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងប្រកបដោយចីរភាព៕




