កម្ពុជា-ក្រូអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន ព្រមទាំងបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួនពីរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្គើលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រី ហ្គ័រដាន់ ហ្គើលីច រ៉ាដម៉ាន់ បានពិភាក្សាស៊ីជម្រៅលើមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម ផលិតកម្មឱសថ បច្ចេកវិទ្យា ថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងយន្តការកិច្ចពិគ្រោះយោបល់នយោបាយជាប្រចាំ ខណៈដែលក្រូអាស៊ីបានប្តេជ្ញាចិត្តជួយគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីនត្រឹមឆ្នាំ២០៣៥។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើការគោរពពហុភាគីនិយម និងច្បាប់អន្តរជាតិ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងជំហរដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា។

ជាសមិទ្ធផលជាក់ស្តែងនៃជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអញ្ជើញចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនពីរ រួមមាន៖ ទីមួយ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលក្រូអាស៊ី ស្តីពីការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងទីពីរ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ជាមួយបណ្ឌិត្យសភាការទូតនៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្គើលីច រ៉ាដម៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា និងបានគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋក្រូអាស៊ី នាពេលវេលាសមស្របខាងមុខ ដែលការអញ្ជើញនេះត្រូវបានទទួលយកដោយក្តីសោមនស្សរីករាយ ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕