នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Robekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (FAO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ដើម្បីបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់ FAO ក្នុងការលើកកម្ពស់សេវាកសិ-ឧតុនិយម (agrometeorology) ការពង្រឹងភាពធន់នឹងអាកាសធាតុ ព្រមទាំងការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស តាមរយៈគម្រោង PEARL នៅខាងជើងបឹងទន្លេសាប។
លោក ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ក្រសួងចាត់ទុកសេវាឧតុនិយម និងអាកាសធាតុជាមុខងារសាធារណៈដ៏សំខាន់ ក្នុងការជួយបង្កើនផលិតភាពកសិកម្ម គ្រប់គ្រងធនធានទឹក និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធានាថាព័ត៌មានអាកាសធាតុដែលទាន់ពេល និងទុកចិត្តបាន នឹងទៅដល់ដៃកសិករជាក់ស្តែង។
ទន្ទឹមនឹងនេះ លោក ថោ ជេដ្ឋា ក៏បានស្នើឱ្យ FAO បន្តជួយលើការងារអាទិភាពចំនួន ៣ រួមមាន៖ ទីមួយ បន្តជួយពង្រឹងបណ្តាញស្ថានីយកសិ-ឧតុនិយម ដើម្បីធានាគុណភាពទិន្នន័យ និងនិរន្តរភាពសេវាកម្ម, ទីពីរ បន្តកៀរគរធនធានបន្ថែមជួយដល់ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធជូនដំណឹងជាមុន, និងទីបី ជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សលើជំនាញឧតុនិយម ជលសាស្ត្រ កសិ-ឧតុនិយម និងការគ្រប់គ្រងធនធានទឹក ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពសេវាសាធារណៈរយៈពេលវែង៕



