ការលក់រថយន្តសរុបនៅអឺរ៉ុប កើនឡើងជាង ១០% ក្នុងខែកញ្ញា ខណៈត្រូវបានជំរុញដោយរថយន្ត EV

អន្តរជាតិ

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញនៅថ្ងៃទី២២ ខែតុលាថា តម្រូវការដ៏ខ្លាំងក្លាសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) បានជួយឱ្យទីផ្សាររថយន្តថ្មីនៅអឺរ៉ុបមានកំណើនយ៉ាងខ្លាំង នៅក្នុងខែកញ្ញា ដោយបានប៉ះប៉ូវដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តដែលប្រើប្រាស់ប្រេងសាំង និងប្រេងម៉ាស៊ូត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគម ACEA បានឱ្យដឹងទៀតថា ការចុះបញ្ជីរថយន្តថ្មីៗ បានកើនឡើង ១០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ចំនួនសរុប ១,៣៦ លានគ្រឿង នៅទូទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។

គួរឲ្យដឹងថា តម្រូវការសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅតែមានភាពរឹងមាំនៅក្នុងទីផ្សារធំៗរបស់អឺរ៉ុប ដោយទទួលបានការគាំទ្រពីគោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញ និងជម្រើសម៉ូដែលរថយន្តដែលមានភាពចម្រុះ និងតម្លៃទាបជាងមុន។

ជម្រាបជូនថា ការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធ (Battery-electric) រថយន្តប្រភេទ Plug-in Hybrid និងរថយន្ត Hybrid បានកើនឡើង ៥៩,៩%, ២៤% និង ៥,៣% រៀងៗគ្នា ខណៈរថយន្តទាំងនេះរួមគ្នាមានចំណែករហូតដល់ ៧៦,២% នៃចំនួនការលក់រថយន្តថ្មីសរុបរបស់អឺរ៉ុប៕