មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានព្រមានថា លោកនឹងកំណត់គោលដៅលើសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ ដែលចង់ធ្វើការស៊ើបអង្កេតលើរូបលោក ជុំវិញការចោទប្រកាន់ពីបទខុសឆ្គង និងតួនាទីរបស់លោកនៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Musk បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២១ ខែតុលា ដោយឆ្លើយតបទៅនឹងអត្ថបទរបស់សារព័ត៌មាន Politico អំពីផែនការរបស់បក្សប្រជាធិបតេយ្យក្នុងការស៊ើបអង្កេតសកម្មភាពរបស់លោក ប្រសិនបើពួកគេឈ្នះការបោះឆ្នោតពាក់កណ្តាលអណត្តិនៅខែក្រោយនេះថា លោកនឹងមិននៅស្ងៀមនោះឡើយ ហើយនឹងធ្វើការសងសឹកវិញ។
មហាសេដ្ឋីកំពូលរបស់អាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ៖”អ្នកណាដែលមករករឿងជាមួយខ្ញុំ គួរតែយល់ថាខ្ញុំនឹងស្វែងរកមេគំនិតពិតប្រាកដ ហើយកំណត់គោលដៅលើពួកគេ មិនមែនគ្រាន់តែលើតែពួកអាយ៉ងរបស់ពួកគេនោះឡើយ”។
ជម្រាបជូនថា លោក Elon Musk គឺជាអ្នកបរិច្ចាគដ៏ធំម្នាក់ដល់គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងជាទីប្រឹក្សាជិតស្និទ្ធរបស់មេដឹកនាំអាមេរិករូបនេះផងដែរ។ លោកទទួលបានកិច្ចសន្យារដ្ឋាភិបាលធំៗជាច្រើនតាមរយៈក្រុមហ៊ុនខ្នាតយក្សរបស់លោកគឺ SpaceX។ ក្រៅពីនេះ លោក Musk ក៏មានមុខតំណែងសំខាន់នៅក្នុងជួររដ្ឋាភិបាលអាមេរិកផងដែរ៕

