នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Lee Seung-An អគ្គលេខាធិការមូលនិធិ WeLoveU Foundation នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីគម្រោងពង្រីកកម្មវិធីមនុស្សធម៌របស់មូលនិធិនេះនៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ ជាខួបគម្រប់ ៣០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានបង្ហាញក្តីសង្ឃឹមថាលោកស្រីប្រធានមូលនិធិ និងគណៈប្រតិភូ នឹងពិនិត្យលទ្ធភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌បន្ថែមទៀតនៅតាមតំបន់ជនបទ។
ជាការឆ្លើយតប លោក Lee Seung-An បានជម្រាបជូនថា លោកផ្ទាល់មានគម្រោងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខនេះ ដោយគ្រោងនឹងនាំយកជំនួយជាកុំព្យូទ័រ ទៅផ្តល់ជូនសិស្សានុសិស្សនៅតាមសាលារៀនតំបន់ជនបទដែលកំពុងជួបការខ្វះខាត។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ ក៏បានគោរពអញ្ជើញ លោកឯកអគ្គរាជទូត និងលោកជំទាវ ចូលរួមក្នុងកម្មវិធីតន្ត្រីមនុស្សធម៌ប្រចាំឆ្នាំរបស់មូលនិធិ WeLoveU Foundation ដែលនឹងរៀបចំឡើងនៅខែវិច្ឆិកាខាងមុខនេះផងដែរ៕



