Meta ត្រូវតុលាការបញ្ជាឲ្យបង់ ២៥ពាន់លានដុល្លារ ជុំវិញករណីបោកបញ្ឆោតអ្នកប្រើប្រាស់ Facebook

អន្តរជាតិ

ចៅក្រមនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃទី២១ ខែតុលាថា ក្រុមហ៊ុន Meta ត្រូវបង់ប្រាក់ចំនួន ២៥ពាន់លានដុល្លារ ជូនរដ្ឋនេះ បន្ទាប់ពីគណៈវិនិច្ឆ័យមួយក្រុមបានរកឃើញកាលពីខែមុនថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបោកបញ្ឆោតអ្នកប្រើប្រាស់ នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដាក់ពិន័យនេះ បានកើតឡើងប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ចំនួន ១៨ពាន់លានដុល្លារ រួចម្តងហើយ ដើម្បីដោះស្រាយបណ្តឹងដែលដាក់ដោយរដ្ឋចំនួន ៤៨ ផ្សេងទៀត ដែលរួមបញ្ចូលទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica ផងដែរ។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បានលើកឡើងថា៖ “សេចក្តីសម្រេចនេះ បានធ្វើឱ្យការធ្វើអាជីវកម្មនៅក្នុងរដ្ឋ New Mexico ក្លាយជារឿងស្ទើរតែមិនអាចទៅរួច។ យើងមានទំនុកចិត្តថា យើងនឹងទទួលបានជ័យជម្នះនៅពេលប្តឹងឧទ្ធរណ៍”។

គួរជម្រាបជូនថា Cambridge Analytica គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សានយោបាយមួយ ដែលត្រូវបានរកឃើញថាបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ដោយមិនត្រឹមត្រូវ ដើម្បីប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយនយោបាយដែលមានគោលដៅជាក់លាក់ ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦៕​