នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា»។

កិច្ចសហការនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សាគ្រប់កម្រិត ចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សាទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង បណ្តុះទម្លាប់ញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យសុខភាពសាធារណៈ និងឈានទៅសម្រេចបាននូវគោលដៅ «សាលារៀនគ្មានសំណល់ប្លាស្ទិក»។
ដើម្បីគាំទ្រដល់ចលនានេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថានបានផ្ដល់ធុងសំរាមចំនួន ១៦ ៩៣៥ធុង ដល់សាលារៀនចំនួន ៥ ៦៤៥ ក្នុង ១១ខេត្តរួចហើយ។ តាមរយៈអនុស្សរណៈនេះ ក្រសួងនឹងបន្តផ្ដល់ធុងសំរាមចំនួន ១៧ ១៧៥ធុង បន្ថែមទៀត ដល់សាលារៀនចំនួន ៥ ៧២៥ នៅរាជធានី-ខេត្តចំនួន ១៤ ដែលធ្វើឱ្យចំនួនធុងសំរាមសរុបកើនដល់ ៣៤ ១១០ធុង សម្រាប់ចែកជូនដល់សាលារៀនចំនួន ១១ ៣៧០ នៅទូទាំងប្រទេស ដើម្បីជួយឱ្យគ្រឹះស្ថានសិក្សាមានបរិស្ថានស្អាត និងបរិយាកាសល្អ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ ក្នុងការរៀបចំគោលការណ៍ណែនាំ ការបញ្ជ្រាបខ្លឹមសារកាត់បន្ថយប្លាស្ទិក និងការការពារបរិស្ថានទៅក្នុងកម្មវិធីសិក្សាផ្លូវការ ក៏ដូចជាមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន និងការសម្របសម្រួលជាមួយគ្រប់អង្គភាពពាក់ព័ន្ធឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។
ក្រសួងទាំងពីរក៏នឹងសហការវាយតម្លៃ និងផ្ដល់វិញ្ញាបនបត្រលើកទឹកចិត្តរួមគ្នា ដល់គ្រឹះស្ថានសិក្សាណាដែលអនុវត្តបានល្អប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ ឱ្យធ្វើជាគំរូល្អក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចំណែកសិស្ស-និស្សិត ត្រូវរួមគ្នាក្លាយជាកម្លាំងចលករផ្លាស់ប្តូរទម្លាប់ ដោយចាប់ផ្តើមពីការប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ប្រអប់បាយ ឬសម្ភារៈប្រើឡើងវិញបាន និងចូលរួមញែកសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងស្នើដល់អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ ចូលរួមគាំទ្រដើម្បីឱ្យចលនានេះដំណើរការដោយចីរភាព៕


