ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាស់តឿន និងជំរុញដល់មន្ត្រីជំនាន់ក្រោយឱ្យពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ រក្សាឱ្យបាននូវអត្តសញ្ញាណជា ខ្មែរខ្លាំង ព្រមទាំងត្រូវខិតខំប្រឹងប្រែងកសាង និងរក្សាជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សសរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី២៨ នៅវិមាន៧មករា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ថ្លែងទៅកាន់សិក្ខាកាមនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកពីការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានស្រោចស្រង់ និងកសាងជាតិឡើងវិញពីចំណុចសូន្យក្រោយរបបប្រល័យពូជសាសន៍ ជាពិសេសការប្រមូលផ្តុំធនធានបញ្ញវ័ន្តដែលនៅសេសសល់ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈឡើងវិញ និងការស្វែងរកសន្តិភាពពេញលេញតាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា អ្នកជំនាន់ក្រោយកំពុងឈានចូលមកដល់ដំណាក់កាលថ្មីមួយ ដែលត្រូវប្រឈមមុខនឹងបញ្ហា និងឧបសគ្គកាន់តែស្មុគស្មាញជាងមុន ទាំងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ។
ពាក់ព័ន្ធនឹងប្រធានបទនៃបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការកែទម្រង់នេះ កំពុងត្រូវបានជំរុញអនុវត្តតាមរយៈវិធានការគន្លឹះទាំង៣ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ដោយគ្របដណ្តប់លើមុំសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ប្រវត្តិនៃការកកើតស្ថាប័នមុខងារសាធារណៈ, ទី២. ប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង និងទី៣. ជំហាននៃការងារកែទម្រង់រដ្ឋបាលសាធារណៈជាក់ស្តែង។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលអញ្ជើញមកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងយុវជនគណបក្ស ត្រូវប្រែក្លាយចំណេះដឹង និងទ្រឹស្តីទាំងនេះឱ្យទៅជាការអនុវត្តការងារជាក់ស្តែង ដោយបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្មាភិបាល គឺត្រូវតែពង្រឹងទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្ស។
ឯកឧត្តមបានបន្ថែមយ៉ាងម៉ឺងម៉ាត់ថា នេះជាអម្រែក និងជាការលះបង់ដ៏មានតម្លៃក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រកបដោយមនសិការទទួលខុសត្រូវ និងរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរខ្លាំង ព្រោះថាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមិនមែនកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាទាមទារឱ្យមន្ត្រីគ្រប់រូបត្រូវខិតខំកសាងតាមរយៈសកម្មភាពការងារជាក់ស្តែងជាប្រចាំ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕



