វិទ្យាស្ថាន BKI ប្ដេជ្ញាលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា ខណវិទ្យាស្ថាននេះ ក៏បានប្ដេជ្ញាលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជាផងដែរ។នេះពបើយោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នាឱកាសនោះ លោកស្រីប្រធានក្រុមប្រឹក្សាភិបាល បញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។

តាមរយៈជំនួបនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់ផងដែរ៕អត្ថបទ៖ហ្សាលីន