ទំនាក់ទំនងពាណិជ្ជកម្មកសិកម្មរវាងកម្ពុជា និងហ្វីលីពីន កំពុងឈានដល់របត់រីកចម្រើនយ៉ាងខ្លាំងក្លា ដោយស្តែងចេញតាមរយៈកំណើននៃការនាំចេញអង្ករខ្មែរទៅកាន់ទីផ្សារហ្វីលីពីនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ២០២៦នេះ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ទំនាក់ទំនងកសិកម្មរវាងប្រទេសទាំងពីរបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ទាំងក្នុងក្របខ័ណ្ឌរដ្ឋនិងរដ្ឋ (G2G) និងរវាងវិស័យឯកជន (B2B)។ កិច្ចសហប្រតិបត្តិការនេះបានជំរុញទំហំពាណិជ្ជកម្មទ្វភាគីឱ្យកើនឡើងជាលំដាប់។

ដោយការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនក្នុងឆ្នាំ២០២៦ នេះ គឺបានហក់ឡើងរហូតដល់ ១៩១ ៥៤២ តោន ដែលចំនួននេះគឺស្មើនឹង ១៨,៩% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ឬត្រូវជា ៤២% នៃការនាំចេញអង្ករទៅកាន់តំបន់អាស៊ានទាំងមូល។
លទ្ធផលឆ្នាំ២០២៦ នេះ មិនត្រឹមតែបង្ហាញយ៉ាងច្បាស់ពីសក្ដានុពលដ៏ខ្លាំងក្លានៃស្បៀងអាហាររបស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជំនឿទុកចិត្តយ៉ាងមុតមាំ និងទំនាក់ទំនងសេដ្ឋកិច្ចដ៏ស្អិតរមួតរវាងភាគីហ្វីលីពីន និងកម្ពុជាផងដែរ៕


