Elon Musk ថា SpaceX ទទួលបានលុយ ៤០ពាន់លានដុល្លារ ពីការរៃអង្គាស សម្រាប់ទិញបន្ទះឈីបរបស់ Nvidia

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បាននិយាយកាលពីថ្ងៃទី២៥ ខែតុលាថា ក្រុមហ៊ុន SpaceX បានរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងប័ណ្ណបំណុលរបស់ខ្លួន សម្រាប់ទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ចំពេលកំពុងមានការចំណាយយ៉ាងច្រើនទៅលើការកសាងសមត្ថភាពកុំព្យូទ័រសម្រាប់បច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Musk បានលើកឡើងថា ភាពជោគជ័យក្នុងការរៃអង្គាសបំណុលនេះ គឺដោយសារតែក្រុមហ៊ុនមានចំណាត់ថ្នាក់ឥណទានល្អ (Investment-grade status) រួមទាំងមានប្រាក់ចំណូលពីសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងអាជីវកម្មបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះដដែលនោះ​ មហាសេដ្ឋីកំពូលរូបនេះ បាននិយាយថា៖” នេះគឺជាបំណុលដែលភាគច្រើនអាចទូទាត់សងមុនកាលកំណត់បាន ដែលវាបង្កើតឡើងសម្រាប់ការទិញបន្ទះឈីបកម្លាំងខ្លាំង ដែលអាចនឹងមកដល់នៅក្នុងត្រីមាសទី១ និងទី២ ឆ្នាំក្រោយ”។

យ៉ាងណាមិញ​ បើយោងតាមលោក Bret Johnsen ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ SpaceX បានឱ្យដឹងទៀតថា សម្រាប់ត្រីមាសទី៤ ឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងមានការចំណាយលើដើមទុន ចន្លោះពី ៣៥ពាន់លានទៅ ៤០ពាន់លានដុល្លារ ហើយការរៃអង្គាសនេះនឹងជាការជំរុញដ៏សំខាន់។

ជម្រាបជូនថា ការរៃអង្គាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន SpaceX កំពុងពិភាក្សាជាមួយធនាគារ និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ដើម្បីស្វែងរកទុនចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Nvidia ក្នុងការកសាងសមត្ថភាព AI របស់ខ្លួនបន្ថែមទៀត៕​

​