មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បាននិយាយកាលពីថ្ងៃទី២៥ ខែតុលាថា ក្រុមហ៊ុន SpaceX បានរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងប័ណ្ណបំណុលរបស់ខ្លួន សម្រាប់ទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ចំពេលកំពុងមានការចំណាយយ៉ាងច្រើនទៅលើការកសាងសមត្ថភាពកុំព្យូទ័រសម្រាប់បច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Musk បានលើកឡើងថា ភាពជោគជ័យក្នុងការរៃអង្គាសបំណុលនេះ គឺដោយសារតែក្រុមហ៊ុនមានចំណាត់ថ្នាក់ឥណទានល្អ (Investment-grade status) រួមទាំងមានប្រាក់ចំណូលពីសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងអាជីវកម្មបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។
មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះដដែលនោះ មហាសេដ្ឋីកំពូលរូបនេះ បាននិយាយថា៖” នេះគឺជាបំណុលដែលភាគច្រើនអាចទូទាត់សងមុនកាលកំណត់បាន ដែលវាបង្កើតឡើងសម្រាប់ការទិញបន្ទះឈីបកម្លាំងខ្លាំង ដែលអាចនឹងមកដល់នៅក្នុងត្រីមាសទី១ និងទី២ ឆ្នាំក្រោយ”។
យ៉ាងណាមិញ បើយោងតាមលោក Bret Johnsen ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ SpaceX បានឱ្យដឹងទៀតថា សម្រាប់ត្រីមាសទី៤ ឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងមានការចំណាយលើដើមទុន ចន្លោះពី ៣៥ពាន់លានទៅ ៤០ពាន់លានដុល្លារ ហើយការរៃអង្គាសនេះនឹងជាការជំរុញដ៏សំខាន់។
ជម្រាបជូនថា ការរៃអង្គាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន SpaceX កំពុងពិភាក្សាជាមួយធនាគារ និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ដើម្បីស្វែងរកទុនចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុន Nvidia ក្នុងការកសាងសមត្ថភាព AI របស់ខ្លួនបន្ថែមទៀត៕

