ក្រសួងធនធានទឹក និងឧតុនិយម បានបើកកិច្ចពិភាក្សាជាមួយស្ថាប័នជំនាញ ដើម្បីជំរុញគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា សំដៅឈានទៅពង្រឹងភាពរឹងមាំនៃទំនប់ បង្កើនសមត្ថភាពស្តុកទឹកកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

នាឱកាសដឹកនាំកិច្ចប្រជុំ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយក្រុមទីប្រឹក្សាបច្ចេកទេស បានសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) និងការរៀបចំប្លង់លម្អិត (Detailed Engineering Design) លើទីតាំងអនុគម្រោង ៣០កញ្ញា ស្ថិតក្នុងខេត្តកំពង់ធំ និងអនុគម្រោង កំពីងពួយ ស្ថិតក្នុងខេត្តព្រះវិហារ ក្នុងគោលដៅស្តារ និងពង្រឹងភាពរឹងមាំនៃទំនប់ បង្កើនសមត្ថភាពស្តុកទឹករបស់អាង និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ក្រោមក្របខ័ណ្ឌ «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា»។

លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងវាយតម្លៃស្ថានភាពជាក់ស្តែងជាមួយទីប្រឹក្សាបច្ចេកទេស បន្ទាប់ពីក្រុមការងារបានចុះសិក្សាផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃទំនប់ អាងទឹក ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រមូលមតិយោបល់ និងសំណូមពរពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់អនុគម្រោងទាំងពីរ ដើម្បីទទួលបានធាតុចូលបន្ថែម ប្រកបដោយគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំនោះ លោកអនុរដ្ឋលេខាធិការក្រសួងធនធានទឹក ក៏បានផ្តល់អនុសាសន៍ និងការណែនាំដល់ក្រុមទីប្រឹក្សាបច្ចេកទេស ត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ជំរុញការអនុវត្តគម្រោងឱ្យចំទិសដៅ និងទាន់ពេលវេលា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាបាននូវភាពជោគជ័យតាមផែនការគ្រោងទុក៕ អត្ថបទ៖ហ្សាលីន


