នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ១០ភូមិ មានជាង ១ម៉ឺនក្បាលដី បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនៅខេត្តកណ្តាល។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺផ្តល់ជូនម្ចាស់អចលនវត្ថដែលជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពេលនេះពលរដ្ឋទាំងអស់គ្នាមិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកម្សាន្តដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។
ក្នុងឱកាសនោះលោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងដែរថា ដោយសារទីតាំងខាងលើមិនមានការពង្រីកព្រលានយន្តហោះទៀត ទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ ចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦ ហើយដីដែលឆ្កៀលជូនប្រជាពលរដ្ឋនេះមានចំនួន ១១៣២១ប័ណ្ណ។
ចំណែក លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា ដីខាងលើនេះជាដីដែលបានបង្កកយូរហើយ។ ថ្មីៗត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕









