អបអរសាទរ! ក្រុមបាល់ទះវិសាខា គ្រងជើងឯក WURKZ Special Volleyball Cup U20 2026 អមជាមួយប្រាក់រង្វាន់៥០លានរៀលពីវើក

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់ក្រុមបាល់ទះយុវជនទាំង ១៣ ក្រុម ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ «WURKZ Special Volleyball Cup U20 2026» បានបញ្ចប់ដោយជោគជ័យ និងរកឃើញម្ចាស់ជើងឯកប្រចាំឆ្នាំ២០២៦ ដោយសមាគមកីឡាបាល់ទះវិសាខា បានលើកពានជើងឯក មេដាយមាស ព្រមទាំងទទួលបានប្រាក់រង្វាន់ចំនួន ៥០លានរៀលពីវើក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបិទការប្រកួត និងប្រគល់ពានរង្វាន់វគ្គផ្ដាច់ព្រ័ត្រ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនិងភ្ញៀវកិត្តិយសជាច្រើនរូប។

សម្រាប់លទ្ធផលចំណាត់ថ្នាក់បន្ទាប់ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដណ្ដើមបានចំណាត់ថ្នាក់លេខ២ រួមទាំងមេដាយប្រាក់ និងប្រាក់រង្វាន់ ២០លានរៀល ខណៈក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ៣ រួមទាំងមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ១២លានរៀល។ ចំណែកឯក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ៤ជាមួយប្រាក់រង្វាន់៨លានរៀល។

គួរបញ្ជាក់ផងដែរថា វើក បានសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភផ្ដាច់មុខ ចាប់តាំងពីឆ្នាំ២០២៤ មក ដោយបន្តគាំទ្រការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះ និងបង្កើតឱកាសឱ្យកីឡាករយុវជនកម្ពុជាបានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងពង្រឹងបទពិសោធន៍ សម្រាប់ការប្រកួតជាបន្តបន្ទាប់។ ការគាំទ្រនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់​​ វើក ក្នុងការរួមចំណែកអភិវឌ្ឍធនធានកីឡាករជំនាន់ថ្មី និងពង្រឹងមូលដ្ឋានគ្រឹះវិស័យបាល់ទះកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។
វើក ជំរុញ បង្កើន យុវជនបន្តវេនកីឡាបាល់ទះ សុះសាយគ្រប់ ខេត្តក្រុង!