ឧកញ៉ាបណ្ឌិត គួច ផេង ចូលរួមដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ជាមួយនឹងវិស័យឯកជន លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២៦, នៅសាលាជាតិគយ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់​លើកទី២ ជាមួយនឹងវិស័យឯកជន លើសេចក្តីព្រាងវិសោធន កម្មច្បាប់ស្តីពីគយ ក្រោមអធិបតីភាពសហដឹកនាំ​ដោយ ឯកឧត្តម សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារ​បច្ចេកទេសទី៣ និងទី៤ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ តំណាងផ្នែក ឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សមាជិក​សភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិភាក្សារវាង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាអ្នកអនុវត្តច្បាប់ និងវិស័យឯកជនដែលជាប្រតិបត្តិករផ្ទាល់​លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីគយ។

សូមជម្រាបជូនថា ច្បាប់ស្តីពីគយដែលកំពុងអនុវត្តសព្វថ្ងៃនេះ ត្រូវបានចូលជាធរមាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ហើយកំពុងត្រូវបានពិគ្រោះ ពិភាក្សា ដើម្បីធ្វើវិសោធនកម្ម ដើម្បីធ្វើបច្ចុប្បន្នភាព បទប្បញ្ញាត្តិច្បាប់​ឱ្យសមស្របនឹងការវិវត្តនៃបរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹង ប្រសិទ្ធិភាពនៃការអនុវត្ត​ច្បាប់ និងការសម្រួលពាណិ់ជ្ជកម្ម។

គោលការណ៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីគយ​នេះ ធ្វើឡើងតាមមូលដ្ឋានគន្លឹះចំនួន៣ សម្រាប់ធានាឱ្យ​សេចក្តីព្រាង​វិសោធនកម្មច្បាប់នេះមានភាពជាក់ស្តែង និងអាចអនុវត្តបានរួមមាន៖

១. ការរក្សាទុក៖ ដោយរក្សាទុកនូវបទប្បញ្ញាត្តិដែលមានលក្ខណៈសមស្រប និងអាចអនុវត្តបានល្អ

២. កែសម្រួល/លុបចោល៖ កែសម្រួល ឬលុបចោលនូវបទប្បញ្ញាត្តិដែលមិនច្បាស់ ឬលែងមានលក្ខណៈ​សមសម្របនឹងការអនុវត្ត

៣. បន្ថែមថ្មី៖ បន្ថែមបទប្បញ្ញាត្តិថ្មីដែលឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា និងស្តង់ដារអន្តរជាតិ។