អភិបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើពិធីចែកវិញ្ញាបន​បត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុង​មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ១០ភូមិ មានជាង ១ម៉ឺនក្បាលដី បន្ទាប់ពីរាជរដ្ឋាភិបាល​បានសម្រេចឆ្វៀលដី​ទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មី​នៅខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺផ្តល់ជូនម្ចាស់អចលនវត្ថដែល​ជាប្រជាពលរដ្ឋរស់នៅទីតាំង​តំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពេលនេះពលរដ្ឋទាំងអស់គ្នា​មិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកម្សាន្តដើរហាត់ប្រាណ​នៅក្នុង​ព្រលានយន្តហោះចាស់នេះផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះ​បី​ជាយ៉ាងណាក្តី លោកអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។

ក្នុងឱកាសនោះលោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងដែរថា ដោយសារ​ទីតាំងខាងលើមិនមានការពង្រីកព្រលានយន្តហោះទៀត ទើបរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ ចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦ ហើយដីដែលឆ្កៀលជូនប្រជាពលរដ្ឋនេះមានចំនួន ១១៣២១ប័ណ្ណ។

ចំណែក លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា ដីខាងលើនេះជាដីដែលបានបង្កកយូរហើយ។ ថ្មីៗត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់​កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេស​ជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕