តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមនុស្សយន្តចិន Unitree Robotics បានកើនឡើងជាង ៦០% ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ចំពេលមានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងចំពោះមនុស្សយន្តដែលមានរូបរាងដូចមនុស្ស (humanoid robots)។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ ក៏បានព្រមានវិនិយោគិនអំពីហានិភ័យនានាដែលឧស្សាហកម្មថ្មីនេះកំពុងប្រឈមមុខផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនសៀងហៃមួយនេះ បានកើនឡើង ៧,៧% កាលពីថ្ងៃចន្ទ (ទី២៦ ខែតុលា) មុននឹងធ្លាក់ចុះបន្តិចប្រហែល ១% នៅក្នុងការជួញដូរ កាលពីព្រឹកថ្ងៃអង្គារ ដែលធ្វើឱ្យកម្រិតកំណើនដែលសម្រេចបានកាលពីពេលថ្មីៗនេះថយចុះវិញអស់ខ្លះៗ។
យ៉ាងណាមិញ យោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុ Investing បានបង្ហាញថា ការកើនឡើងកាលពីថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីធនាគារវិនិយោគអាមេរិក JPMorgan បានដំឡើងចំណាត់ថ្នាក់ភាគហ៊ុន Unitree ពី “underweight” (ទាបជាងមធ្យម) ទៅជា “overweight” (ខ្ពស់ជាងមធ្យម)។ ការដំឡើងកម្រិតពីរជំហាននេះ បង្ហាញថា JPMorgan យល់ឃើញថា ក្រុមហ៊ុននេះទំនងជានឹងធ្វើបានល្អលើសពីការរំពឹងទុក សម្រាប់លទ្ធិផលហិរញ្ញវត្ថុរបស់ពួកគេ។
មិនតែប៉ុណ្ណោះ ប្រភពដដែលបានបង្ហាញទៀតថា ការដំឡើងចំណាត់ថ្នាក់ដោយ JPMorgan នេះ បានកើតឡើងបន្ទាប់ពីលោក Wang Xingxing ស្ថាបនិកក្រុមហ៊ុន Unitree Robotics បានលើកឡើងកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនលោកអាចនឹងមានរបកគំហើញដ៏សំខាន់មួយនៅក្នុងវិស័យបញ្ញាសិប្បនិម្មិតផ្នែករូបវន្ត (physical AI) នៅដើមឆ្នាំក្រោយ។ ការលើកឡើងនេះខុសប្លែកពីការប៉ាន់ស្មានមុនៗ ដែលធ្លាប់រំពឹងថាអាចនឹងត្រូវចំណាយពេលរហូតដល់មួយទសវត្សឯណោះ។
ជម្រាបជូនថា ប្រទេសចិនបានកំណត់យកវិស័យមនុស្សយន្តដែលមានរូបរាងដូចមនុស្ស ឱ្យក្លាយជាអាទិភាពយុទ្ធសាស្ត្រមួយ ខណៈពេលដែលខ្លួនកំពុងព្យាយាមក្លាយជាអ្នកដឹកនាំពិភពលោក នៅក្នុងឧស្សាហកម្មប្រភេទនេះ៕

