លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការដំឡើងអត្រាការប្រាក់ ទោះបីជាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងរយៈពេលខ្លីក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអឺរ៉ុប (ECB) បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឲ្យនៅដដែល ពោលគឺក្នុងកម្រិត ២% ប៉ុន្តែបានព្រមានថាអត្រានេះអាចកើនឡើង។ ដូច្នេះមន្ត្រីធនាគារកំពុងពិភាក្សាអំពីសេណារីយ៉ូដែលនឹងបង្ខំពួកគេឲ្យដំឡើងអត្រាការប្រាក់ ដើម្បីការពារការកើនឡើងនៃអតិផរណាជាបន្តបន្ទាប់។
មុនពេលផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា កាលពីចុងខែមុន អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះក្រោមគោលដៅ ២% របស់ ECB។ តែទោះជាយ៉ាងណាក៏ដោយ នៅខែកុម្ភៈ តួលេខនេះបានបង្ហាញសញ្ញានៃការកើនឡើង ដោយឈានដល់ ១,៩%។ ការប្រយុទ្ធគ្នា ដែលស្ទើរតែបានបិទច្រកសមុទ្រ Hormuz បានបណ្តាលឲ្យតម្លៃប្រេង និងឧស្ម័នសកលកើនឡើង ដែលរំខានដល់ការព្យាករអតិផរណានៅអឺរ៉ុបទាំងមូល។
ជម្រាបជូនថា នៅក្រោមសេណារីយ៉ូមូលដ្ឋាន ការព្យាករអតិផរណាជាមធ្យមសម្រាប់តំបន់អឺរ៉ុប នៅឆ្នាំនេះគឺ ២,៦% នៅឆ្នាំ២០២៧ និង ២,១% នៅឆ្នាំ២០២៨។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេណារីយ៉ូដែលមានទុទិដ្ឋិនិយមជាងនេះ ECB ព្រមានថាអតិផរណាអាចឡើងដល់ ៤% នៅឆ្នាំនេះ៕

