ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកនឹងដាក់ពន្ធគយរហូតដល់ ១០០% ទៅលើប្រទេសកាណាដា ប្រសិនបើប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយបានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន លោក ត្រាំ បាននិយាយថា ៖” ប្រសិនបើកាណាដាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ពួកគេនឹងត្រូវទទួលរងពន្ធគយ ១០០% ភ្លាមៗលើទំនិញទាំងអស់ដែលលក់មកឲ្យអាមេរិក”។
ក្នុងនោះដែរលោក ត្រាំ ក៏បានបន្តគំរាមនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ផងដែរថា កិច្ចព្រមព្រៀងជាមួយប្រទេសចិននេះ នឹងបំផ្លាញអាជីវកម្មរបស់កាណាដាជាមិនខាន។
ប្រធានាធិបតីអាមេរិក ក៏បានអះអាងផងដែរថា ប្រទេសចិននឹងព្យាយាមប្រើប្រាស់កាណាដា ដើម្បីគេចវេះពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បានសរសេរទៀតថា ៖” ប្រសិនបើលោក Carney គិតថាលោកអាចកែប្រែប្រទេសកាណដាទៅជាកំពង់ផែចម្លងសម្រាប់ប្រទេសចិន ដើម្បីនាំចេញទំនិញបន្ត និងផលិតផលចូលទៅកាន់សហរដ្ឋអាមេរិក នោះលោកច្បាស់ជាយល់ច្រឡំធំហើយ”។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលប្រទេសចិន និងកាណាដា បានឈានដល់កិច្ចព្រមព្រៀងបឋមជាគោលការណ៍មួយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសកាណាដា នឹងកាត់បន្ថយពន្ធនាំចូលលើយានយន្តអគ្គិសនីរបស់ចិន មកនៅត្រឹម ៦,១% និងអនុញ្ញាតឲ្យមានការនាំចូលរថយន្តរហូតដល់ ៤៩ ០០០ គ្រឿង ក្នុងមួយឆ្នាំផងដែរ។
ជម្រាបជូនផងដែរថា ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ លោក Carney ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ផងដែរថា ប្រទេសចិន នឹងកាត់បន្ថយពន្ធលើគ្រប់ពូជ Canola របស់ខ្លួនមកត្រឹម ១៥% នៅមុនខែមីនា ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាកាត់បន្ថយរបាំងពន្ធពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្តថ្មីៗ ផងដែរ៕

