ស្ថាបនិកក្រុមហ៊ុន AI DeepSeek ចូលក្នុងបញ្ជីអ្នកមានបំផុតទាំង១០ របស់ប្រទេសចិន ជាលើកដំបូង

អន្តរជាតិ

លោក Liang Wenfeng ដែលជាស្ថាបនិកក្រុមហ៊ុន DeepSeek បានបង្ហាញខ្លួនជាលើកដំបូងក្នុងចំណោមបុគ្គលមានបំផុតទាំង១០ របស់ប្រទេសចិន ដោយឈរនៅចំណាត់ថ្នាក់ទី៧ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៨០ពាន់លានយន់ (ឬ ៤២ពាន់លានដុល្លារ) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Liang គឺជាអ្នកមានជំនាន់ថ្មីដែលបានចូលក្នុងបញ្ជីឆ្នាំ២០២៦ នេះ ដោយឈរនៅលំដាប់កំពូលក្នុងចំណោមអ្នកចូលក្នុងបញ្ជីថ្មីៗទាំងអស់។ បញ្ជីនេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយវិទ្យាស្ថានស្រាវជ្រាវ Hurun Research Institute ដែលធ្វើឱ្យរូបលោកក្លាយជាផ្នែកមួយនៃក្រុមមហាសេដ្ឋីបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិន រួមជាមួយស្ថាបនិកក្រុមហ៊ុន ByteDance និង Tencent ផងដែរ។

យោងតាម Hurun បានលើកឡើងថា ការកើនឡើងយ៉ាងឆាប់រហ័សរបស់លោក Liang គឺដោយសារតែតម្លៃនៃក្រុមហ៊ុន DeepSeek ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (startup) ផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ចិនដែលកំពុងមានភាពល្បីល្បាញខ្លាំង។ ក្រុមហ៊ុននេះទទួលបានការចាប់អារម្មណ៍ជាសកលចំពោះគំរូ AI របស់ខ្លួន។

ជម្រាបជូនថា លោក Liang មិនមានឈ្មោះក្នុងបញ្ជីសម្រាប់ឆ្នាំ២០២៥ នោះទេ ដោយសារកាលនោះ DeepSeek បានបង្ហាញខ្លួនក្នុងនាមជាមន្ទីរពិសោធន៍ស្រាវជ្រាវតូចតាចមួយប៉ុណ្ណោះ ដែលមិនមានផែនការធ្វើពាណិជ្ជកម្មនោះឡើយ។ ប៉ុន្តែនៅឆ្នាំនេះ DeepSeek បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សាររហូតដល់ទៅ ៥០ពាន់លានដុល្លារឯណោះ៕