គ្រួសាររាជវង្សអារ៉ាប់រួម ជាត្រកូលអភិជនមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក

អន្តរជាតិ

គ្រួសាររាជវង្សត្រកូល Al Nahyan នៃសហព័ន្ធអារ៉ាប់រួម បានក្លាយជាត្រកូលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិសរុប​រហូតដល់ ៣០៥ពាន់លានដុល្លារឯណោះ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា គ្រួសាររាជវង្សនៃប្រទេសកាតា ក៏បានបង្ហាញវត្តមាននៅក្នុងបញ្ជីឈ្មោះ​គ្រួសារអភិជន​មានលុយច្រើនបំផុតដូចគ្នា ហើយវាគឺជាលើកដំបូង ដែលរាជវង្ស Al Thanis លេចមុខក្នុងបញ្ជី​មួយនេះ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ និងជាប់នៅលេខរៀងទី០៥។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះនៃគ្រួសារអភិជន មានទ្រព្យសម្បត្តិច្រើនបំផុតលើលោក គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យពីគេហទំព័រ Bloomberg៖

១/ គ្រួសារត្រកូល Al Nahyan

ខ្សែរាជវង្សដែលគ្រប់គ្រងសហព័ន្ធអារ៉ាប់រួម ឬជាប្រទេសស្ដេចប្រេង គឺជាគ្រួសារមានទ្រព្យច្រើនបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិ ៣០៥ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីការលក់ប្រេង ហើយសមាជិកគ្រួសារនីមួយៗ សុទ្ធតែមានជំនួញខ្នាតយក្សនៅក្នុងដៃ។

២/ គ្រួសារត្រកូល Walton

គ្រួសារត្រកូល Walton ជាពូជពង្សមានទ្រព្យសម្បត្តិច្រើនបំផុតនៅសហរដ្ឋអាមេរិក ប្រមាណ ២៦០ពាន់លានដុល្លារ ហើយ​សមាជិកគ្រួសារ ៣រូប គឺ Jim Walton, Rob Walton និង Alice Walton រក្សាបានតំណែង Top 20 នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ៤០០រូបនៅអាមេរិក តាំងពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន។

ប្រភពចំណូលរបស់គ្រួសារមួយនេះ គឺហាងលក់ទំនិញដុំ និងរាយ Walmart ដែលមានបណ្ដាញ​ចែកចាយ ច្រើនជាង ១០ ៥០០ហាង ទូទាំងពិភពលោក។

៣/គ្រួសារត្រកូល Hermes

បើ​និយាយ​ពី​គ្រួសារ​មហាសេដ្ឋី ​ប្រាកដ​ណាស់​អ្នក​រចនា​ម៉ូដ​សម្ភារៈ​និយម​ Hermes ​ត្រូវ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដ្បិត​កាបូប​យួរដៃ​របស់​ពួកគេ​មួយ​ៗ គឺ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

គ្រួសារមហាសេដ្ឋីបារាំងមួយនេះ គឺមានទ្រព្យសម្បត្តិសរុបប្រហែល ១៥១ពាន់លានដុល្លារ។

៤/ គ្រួសារត្រកូល Mars

អាច​និយាយ​បាន​ថា ពួកគេ​គឺ​ជា​ដៃគូ​សហការ​របស់ Walmart ដែល​ជា​អ្នក​ជំនាញ​ក្នុង​ការ​ផលិត​ស្ករគ្រាប់​សូកូឡា​ និង​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​ពិភពលោក​ដែល​គ្រប់គ្នា​ស្គាល់​ថា M&Ms។

បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារមហាសេដ្ឋីអាមេរិកមួយនេះ មានសរុបប្រហែល ១៤២ពាន់លានដុល្លារ។

៥/គ្រួសារត្រកូល Al Thani

រាជវង្សនៃប្រទេសកាតាមួយនេះ ទើបនឹងបង្ហាញវត្តមានក្នុងបញ្ជីឈ្មោះគ្រួសារមហាសេដ្ឋីជាលើកដំបូង និងបានជាប់នៅលេខរៀងទី៥ ជាមួយទំហំទ្រព្យសម្បត្តិ ១៣៣ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ពួកគេ គឺបានមកពីវិស័យឧស្សាហកម្មដ៏សំបូរបែបនៅក្នុងប្រទេស។

សូមជម្រាបបន្ថែមថា ក្រៅពីគ្រួសារទាំង៥ ខាងលើ គ្រួសារមហាសេដ្ឋីអាមេរិក Koch និងរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត Al Saud ក៏ជាប់នៅក្នុងបញ្ជីមួយនេះដូចគ្នា ជាមួយទំហំទ្រព្យសម្បត្តិស្មើគ្នា ១២៧,៣ពាន់លានដុល្លារ៕