គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ខិតខំជំរុញល្បឿននៃដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថិតនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុនបានចុះអនុស្សារណៈយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកំពង់ធំនាពេលកន្លងមក។

នេះបើយោងតាមជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដឹកនាំដោយលោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនោះ លោក Hiroshi Uematsu បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការ និង ការគាំទ្រយ៉ាងល្អប្រសើរដល់សកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន ជាពិសេសការយកចិត្តទុកដាក់របស់ឯកឧត្តមអគ្គលេខាធិការចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានកំណើននៃការនាំចេញជាបន្តបន្ទាប់ និងការត្រៀមរៀបចំពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីការគិតគូរអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកំពង់ធំផងដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញនិងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំជំរុញល្បឿននៃដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថិតនៅខេត្តកំពង់ធំ ដែលក្រុមហ៊ុនបានចុះអនុស្សារណៈយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីពង្រីកសកម្មភាពវិនិយោគ និងរួមចំណែកបន្ថែមទៀតដល់ការអភិឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា លើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។
តាមរយៈជំនួបពិភាក្សាខាងលើ ភាគីកម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគកែច្នៃកសិផលមួយចំនួនដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក បង្កើតឱកាសការងារ ជំរុញការនាំចេញ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីសក្តានុពលធនធានកសិកម្មរបស់កម្ពុជា។ មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគក្នុងឧស្សាហកម្មឈើដាំ ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ឧស្សាហកម្មផលិតគ្រឿងសង្ហារិម ឧស្សាហកម្មផលិតក្តារបន្ទះ ដែលបច្ចុប្បន្នកំពុងមានតម្រូវ និងទៅអនាគតក៏នឹងកាន់តែមានតម្រូវការខ្ពស់ថែមទៀត៕ អត្ថបទ៖ហ្សាលីន

