លោក ត្រាំ ប្រកាសចង់ហាមឃាត់ការប្រើប្រាស់ពាក្យបញ្ញាសិប្បនិម្មិត AI

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីពេលថ្មីៗនេះថា លោកនឹងហាមឃាត់ការប្រើប្រាស់ពាក្យថា «បញ្ញាសិប្បនិម្មិត» (Artificial Intelligence ឬ AI) នៅក្នុងឯកសារនានា និងរាល់កន្លែងផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖ “តើនៅពេលណាទើបកាសែត Wall Street Journal ឈប់ប្រើពាក្យបញ្ញាសិប្បនិម្មិត (AI) ដែលជាឈ្មោះមិនត្រឹមត្រូវ និងមិនល្អទាល់តែសោះ។ ពួកគេគួរតែងាកមកហៅថា Super Intelligence ឬ SI ជំនួសវិញ។ នេះគឺជាឈ្មោះដែលមនុស្សស្ទើរតែទាំងអស់កំពុងប្រើប្រាស់ ឬនឹងចាប់ផ្តើមប្រើប្រាស់ក្នុងពេលឆាប់ៗនេះ”។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ ក៏បានបន្ថែមទៀតថា ក្នុងពេលឆាប់ៗនេះ យើងនឹងហាមឃាត់ជាផ្លូវការនូវពាក្យថា បញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងឯកសារពាក់ព័ន្ធទាំងអស់ និងរាល់កន្លែងផ្សេងទៀត ដោយសារតែវាជាពាក្យដែលមិនត្រឹមត្រូវ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការហាមឃាត់នេះ ហាក់កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាក់ស្តែងជាច្រើន។ ពាក្យថា «បញ្ញាសិប្បនិម្មិត» ឬ​AI នេះ ត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សមកហើយ និងនៅតែជាពាក្យស្តង់ដារដែលទទួលស្គាល់ជាទូទៅក្នុងវិស័យនេះ។

បណ្តាញសារព័ត៌មាននានានៅតែបន្តប្រើប្រាស់ពាក្យថា «AI» បើទោះបីជាមានបទបញ្ជារបស់ថ្នាក់ដឹកនាំអាមេរិករូបនេះក៏ដោយ។ សូម្បីតែរដ្ឋបាលរបស់លោក ត្រាំ ផ្ទាល់ កាលពីពេលកន្លងទៅ ក៏ធ្លាប់បានប្រើប្រាស់ពាក្យដើមនេះនៅក្នុង «ផែនការសកម្មភាពស្តីពី AI» (AI Action Plan) ដែលបានចេញផ្សាយកាលពីឆ្នាំមុនផងដែរ៕​