ក្រសួងការបរទេស និងសមាគម AAA-C ពិភាក្សាលើកកម្ពស់តួនាទីអតីតនិស្សិតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

លោក ជឺនបូរាណ ច័ន្ទបូរី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី (AAA-C) ដឹកនាំដោយលោក ហុង រស្មី ប្រធានក្រុមប្រឹក្សាភិបាលសមាគម នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈ និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ក្នុងនាមជាជ័យលាភីពានរង្វាន់អតីតនិស្សិតអូស្ត្រាលីឆ្នើមប្រចាំឆ្នាំ២០២៥ លោក ច័ន្ទបូរី បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយផ្លែផ្ការបស់សមាគម AAA-C ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃពាក់ព័ន្ធនឹងប្រវត្តិនៃការសិក្សា និងការងារការទូត ជាពិសេសក្នុងអំឡុងពេលដែលលោកបំពេញបេសកកម្មការទូតជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ បន្ថែមលើនេះ លោកក៏បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការវិវត្តនៃសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗនៃគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរ។

ជាលទ្ធផលនៃជំនួប ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតអំពីយន្តការក្នុងការពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈក្នុងចំណោមអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី ព្រមទាំងការលើកកម្ពស់ការចូលរួមរបស់ធនធានមនុស្សទាំងនោះនៅក្នុងគំនិតផ្តួចផ្តើមរួមនានា សំដៅបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍជាតិ និងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕