សម្តេចធិបតី៖ ទឹកជំនន់នៅឆ្នាំ២០២៦ ផ្តល់ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ

សង្គម​ និង​សេដ្ឋកិច្ច

ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង កាលថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាល់មានការលំបាកអត់ដែលបាត់មុខប្រមុខរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធជួយប្រជាពលរដ្ឋនោះទេ នេះជាស្មារតីសាមគ្កី ឯកភាពជាតិរបស់យើង។ទន្ទឹមគ្នានេះ សម្តេចថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។

សម្តេចធិបតីបន្តថា រាល់ពេលប្រជាពលរដ្ឋមាន​ការ​លំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ។ សកម្មភាពទាំងនេះ បង្ហាញថា គ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន ហើយក្រសួងធនធានទឹក ក៏ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករផងដែរ។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ ខណៈសម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ​ដោះស្រាយបញ្ហា​ខែ​វស្សាទឹកច្រើនលិច ខែប្រាំងអត់ទឹកស្រោចស្រពជាដើម៕ អត្ថបទ៖ហ្សាលីន